ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែកញា ឆ្នាំ ២០២២ លោក ថេង សុថុល ប្រធានក្រុមការងារអនុសាខាកាកបាទក្រហម ខណ្ឌ៧មករា និង លោក ឌី រ័ត្នខេមរុណ ព្រមទាំងសប្បុរសជន បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានជូនដល់ប្រជាពលរដ្ឋចាស់ជរា ជនពិការ ប្រជាពលរដ្ឋជួបការលំបាក សរុបចំនួន៨០គ្រួសារ មកពី៨សង្កាត់ ពិធីនេះធ្វេីឡេីងនៅបរិវេណវិទ្យាល័យបាក់ទូក។
នាឱកាសនោះ លោកប្រធានក្រុមការងារអនុសាខា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីលោកឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះ លោកក៏សូមឱ្យគ្រួសារទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រកាន់ភ្ជាប់នូវអនាម័យរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងសូមកុំធ្វេសប្រហែសពីជំងឺកូវីដ-១៩ ដោយបន្តអនុវត្តវិធានការ ការពារខ្លួនជានិច្ចគឺ ៣ការពារ និង ៣កុំ ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុង១គ្រួសារៗរួមមាន៖ អង្ករ២៥គីឡូក្រាម .មី១កេស . ទឹកសុីអុីវ១យួរ . ទឹកសុទ្ធ១កេស. ថវិកា២មុឺនរៀល ៕
ដោយ៖ចន្ទ លីហ្សា