ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ កងទ័ពនៃកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ បានធ្វើលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងពិធីលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះ មហន្តរាយដោយទឹកជំនន់ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ បានឱ្យដឹងថា តបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ បានរៀបចំលំហាត់សមយុទ្ធសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ស្របពេលតែងតែកម្ពុជាប្រឈមដោយសារជំនន់ទឹកភ្លៀង។
ទេសរដ្ឋមន្រ្តីគន់ គីម បន្តថា ការៀបចំលំហាត់សមយុទ្ធនាពេលនេះ គឺជាការដាក់ចេញជាវិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះ មហន្តរាយទាំងអស់ត្រូវពង្រឹងសមត្ថភាព ជំនាញ មធ្យោ បាយ និងសម្ភារៈរបស់ខ្លួន ដើម្បីឆ្លើយតបចំពោះសភាព ការណ៍កើតឡើងជាយថាហេតុដោយសារបញ្ហាគ្រោះ មហន្តរាយទឹកជំនន់។
ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយលោកទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ជាការត្រៀមបង្ការទៅនឹងការប្រែប្រួលអាកាសធាតុដែលប្រឈមដោយជំនន់ទឹកភ្លៀង កងប្រតិបត្តការរុករក និងសង្គ្រោះគ្រោះមហន្ត រាយសរុបចំនួន ១៦កង របស់កងយោធពលខេមរភូមិន្ទ បានត្រៀមរួចរាល់ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះប្រជា ពលរដ្ឋគ្រប់ពេលវេលា។
លោកទេសរដ្ឋមន្រ្តី ថ្លែងបន្តថា ជាមួយការត្រៀមជួយ សង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ គណៈកម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ក៏បានត្រៀមសម្រាបលទីទួលសុវត្ថិភាពដែលសាងសង់រួចរាល់ រួមទាំងតង់ដែលជាទីទួលសុវត្ថិភាពបណ្តោះអាសន្ន និងអំណោយជាគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋផងដែរ។
បន្ថែមពីនេះ ទោះបីពុំប្រឈមទឹកជំនន់ធ្ងន់ធ្ងរគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាពីទឹកជំនន់នេះ។ លោកទេសរដ្ឋមន្ត្រីក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះ។
គួរបញ្ជាក់ថា បន្ទាប់ពីអញ្ជើញត្រួតពិនិត្យលំហាត់សមយុទ្ធលោកទេសរដ្ឋមន្រ្តី បានអញ្ជើញក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំង និងចែកអំណោយគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ៕
ដោយ៖ សូរិយា