ខេត្តក្រចេះ ៖ លោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ នាព្រឹកថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតី ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅសាលមហោស្រពខេត្តក្រចេះ។
នៅក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍កោតសរសើរអតីតស្នងការនគរបាល ខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាតនិងបានជំរុញអោយលោកស្នងការនគរបាលខេត្តក្រចេះ ដែលទើបទទួលបានមុខតំណែងត្រូវបន្តយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំ ៧ចំនុចរបស់ លោក វ៉ា ថន អភិបាលខេត្តក្រចេះ ដោយត្រូវអនុវត្តលើកយកជាទិសដៅ ដើម្បីដឹកនាំមន្ត្រីក្នុងអង្គភាពនគរបាលជាតិអោយមានប្រសិទ្ធភាព។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានមានប្រសាសន៍សូមឱ្យគណៈបញ្ជាការឯកភាពខេត្តក្រចេះ ត្រូវត្រៀម និងព្យាករណ៍ចំពោះស្ថានការអ្វីដែលកើតឡេីងនៅពេលខាងមុខ ៖
ទី១-កម្ពុជាកំពុងត្រៀមខ្លួនសំរាប់ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ានកំពូលក្នុងខែវិច្ឆិកាខាងមុខនេះ ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាច និងអាស៊ានផ្សេងៗនឹងចូលរួមប្រជុំនៅកម្ពុជា ដូច្នេះក្នុងនាមគណៈបញ្ជាការឯកភាពដែលមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាប់ផ្តើមធ្វើផែនការការពារសន្តិសុខនិងសុវត្ថិភាពថ្នាក់ដឹកនាំកំពូលអោយបានដាច់ខាត។
ទី២-បញ្ហាបទឧក្រិដ្ឋ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ដែលឃើញថា ៨ខែ ដើមឆ្នាំ២០២២នេះ ចំនួនបទល្មើសមានការថយចុះ ដោយសមត្ថកិច្ចធ្វើការបង្ក្រាបមុខសញ្ញាបានជាង៩២ភាគរយ ប៉ុន្តែយើងត្រូវប្រឹងប្រែងអោយបាន១០០ភាគរយ។
ទី៣-ចំពោះក្រុមជ្រុលនិយមដែលប៉ុនប៉ងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវតែការពារអោយបានដាច់ខាត ដើម្បីសន្តិភាព និងស្ថិរភាពជាពិសេសសេចក្តីសុខរបស់ប្រជាជនកម្ពុជា។
ទី៤-ស្ថានភាពជំងឺកូវីដ១៩ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តទាំងមូលត្រូវ ខិតខំពង្រឹងបន្ថែមទៀតតាមរយៈការជំរុញអោយប្រជាពលរដ្ឋក្នុងមូលដ្ឋានទៅចាក់វ៉ាក់សាំងដូសជំរុញអោយបានគ្រប់គ្នា និងត្រូវបន្តអនុវត្តវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ទៀតថា ក្នុងនាមជាស្នងការនគរបាលខេត្តថ្មីត្រូវទទួលខុសត្រូវដោះស្រាយនូវអ្វីដែលជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ បើទោះបីជាមានសញ្ញាបត្រសិក្សាបានច្រើនគ្រប់កំរិត តែគ្មានការទទួលខុសត្រូវនិងគ្មានគុណធមគឺស្មើគ្មានន័យ។ កង្វល់ និងក្តីបារម្ភរបស់ប្រជាពលរដ្ឋមានបទល្មើសឆក់ ប្លន់ ករណីហឹង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រឿងញៀនសំយោគដែលមិនមានថ្នាំអាចព្យាបាលជាសះស្បើយបានតែមានវិធីបន្សាប។ អ្វីដែលជាក្តីបារម្ភរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋខ្លួនឯងផង ពីអាជ្ញាធរមានសមត្ថកិច្ចផង ព្រមទាំងការគោរពច្បាប់និងការយោគយល់គ្នាទៅវិញទៅមកផងដែរ។ ត្រូវពង្រឹងការធ្វើសេវាសាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវប្រើប្រាស់អាកប្បកិរិយាទន់ភ្លន់ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដឹងពីតំរូវការរបស់ប្រជាពលរដ្ឋ និងហាមធ្វើការកោសរូសនៅពេលដែលគាត់ត្រូវការធ្វើលិខិតរដ្ឋបាលផ្សេងៗ។
លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានរំលឹកទៅដល់ស្នងការនគរបាលខេត្តក្រចេះថ្មី ត្រូវធ្វើកិច្ចការងារឱ្យបានល្អជាងអតីតស្នងការចាស់ រៀនសូត្រ និងយកបទពិសោធន៍ល្អៗពីស្នងការចាស់ ត្រូវពង្រឹងការជួយគ្នានៅក្នុងជួរគណៈបញ្ជាការឯកភាពខេត្ត រក្សាអោយបានរបបប្រជុំដែលត្រូវធ្វើជាប្រចាំ ក្នុងនាមជាស្នងការត្រូវធ្វើជាសេនាធិការជូនគណៈបញ្ជាការឯកភាពខេត្ត និងសហការជាមួយអាជ្ញាធរចម្រុះ។
សំរាប់ស្នងការនគរបាលថ្មី ត្រូវពង្រឹងការដឹកនាំចាត់ទុកកូនចៅជាបងជាប្អូន មានមនោសញ្ចេតនាក្នុងការងារជួយគ្នាទៅវិញទៅមក ត្រូវទទួលខុសត្រូវមុនគេ និងទទួលយកទាំងគុណសម្បត្តិ និងគុណវិបត្តិ ដើម្បីភាពជោគជ័យនៅក្នុងអង្គភាពទាំងមូល។ ពង្រឹងរបៀបរបបការងារដោះស្រាយបែងចែកការងារតាមឋានានុក្រម ត្រូវពង្រឹងការប្រចាំបញ្ជាមានការផ្លាស់ប្តូរវេន និងត្រូវចុះអនុវត្តដឹកនាំដោយផ្ទាល់ ដើម្បីធ្វើជាគំរូដល់កូនចៅ និងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដែលរួមបញ្ចូលចំនុចចំនួនពី២ទៀតគឺសេវាសាធារណៈ និងបរិស្ថានផ្ទះសម្បែងស្អាត។ ត្រូវពង្រឹងគុណភាពមន្ត្រីនគរបាលទាំងសមត្ថិភាពដោយការបើកវគ្គបណ្តុះបណ្តាលនៅក្នុងអង្គភាពដោយផ្ទាល់ និងត្រូវពង្រឹងវិន័យ សេចក្តីថ្លៃថ្នូរ និងសីលធម៌ក្នុងជួរកងកម្លាំង។
ជាចុងក្រោយក្នុងនាមស្នងការខេត្តថ្មីត្រូវមានសាមគ្គីភាពផ្ទៃក្នុង ទាំងអង្គភាព និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធក្រោមបទបញ្ជារបស់គណៈបញ្ជាការឯកភាពខេត្ត។ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានស្នេីឱ្យលោកអភិបាលខេត្តក្រចេះ ធ្វើជាអាណាព្យាបាលក្នុងការដឹកនាំ គាំទ្រ ដើម្បីសម្រេចបាននូវបេសកកម្មរបស់ស្នងការនគរបាលខេត្តក្រចេះថ្មី។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ អ៊ូ សុបុណ្ណា អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ត្រូវបានតែងតាំងជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ជំនួសលោកឧត្តមសេនីយ៍ទោ លន់ សុផាត ដែលត្រូវបានតែងតាំងជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕
ដោយ៖ស តារា