ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ ពាក់ព័ន្ធពីបទឆបោកយកទឹកប្រាក់គេប្រមាណ៣១.០០០ដុល្លារអាមេរិក(លក់ដុំពេជ្រក្លែងក្លាយ) ។
ជនសង្ស័យឈ្មោះ មិត្ត លាប ហៅ វណ្ណៈ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២៤ ផ្លូវលេខ១ បុរីលឹមឈាងហាក់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ អង្គហេតុនៃការចាប់ខ្លួនជនសង្ស័យខាងលើនេះត្រូវបានគេដឹងថា ជនសង្ស័យជាមនុស្សបានស្គាល់និងរាប់អានជនរងគ្រោះឈ្មោះ អ៊ូច វណ្ណាច្រើនឆ្នាំមកហើយ។ លុះមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានយករូបសំណាកព្រះនាងទេពធ្វើអំពីស្ពាន់លាយមាសទំហំប៉ុនមេដៃ១អង្គបង្ហាញជនរងគ្រោះដោយប្រាប់ថា គេម្នាក់នៅប៉ៃលិនឱ្យ ហើយគេនោះក៏នៅមានដុំពេជ្រមួយដុំធំទៀតចង់លក់ដែរ ក្នុងតម្លៃ ៣១.០០០ដុល្លារអាមេរិក គឺជាដុំពេជ្រពិតប្រាកដដែលខ្លួន(ជនសង្ស័យ)បានពិនិត្យរួចហើយ ។ បន្ទាប់មកជនសង្ស័យក៏បាននិយាយបញ្ចុះបញ្ចូលឱ្យជនរងគ្រោះទិញដុំពេជ្រនោះដើម្បីទុកលក់ចំណេញចែកលុយគ្នា ។ ដោយការជឿទុកចិត្តលើការរាប់អានគ្នាកន្លងមក ជនរងគ្រោះបានប្រគល់ប្រាក់៣១.០០០ ដុល្លារអាមេរិកទៅជនសង្ស័យដើម្បីយកទៅទិញដុំពេជ្រនោះ។ ក្រោយពេលទទួលបានប្រាក់ពីជនរងគ្រោះហើយ ជនសង្ស័យបានធ្វើដំណើរទៅខេត្តប៉ៃលិន បាត់ឈឹងតែម្តង ។
រហូតមកដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ (៤ខែក្រោយមក) ជនសង្ស័យក៏បានត្រឡប់មកពីទិញដុំពេជ្រនៅខេត្តប៉ៃលិនវិញ ហើយក៏បានជួបជនរងគ្រោះនៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងរាជធានីភ្នំពេញ និងបានយកដុំពេជ្រនោះឱ្យជនរងគ្រោះមើល ទើបជនរងគ្រោះនាំជនសង្ស័យយកដុំពេជ្រនោះទៅឱ្យជាងច្នៃត្បូងនៅម្តុំផ្សារតាខ្មៅ ខេត្តកណ្តាល ពិនិត្យមើល ស្រាប់តែជាងច្នៃឆ្លើយថា ដុំពេជ្រក្លែងក្លាយ ។
ដោយសារការប៉ិនប្រសប់ក្នុងការឆបោក ជនសង្ស័យបានយកដុំពេជ្រគេចខ្លួនបន្ត រហូតដល់វេលារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះបានជួបជនសង្ស័យនៅស្ថានីយប្រេងឥន្ធនៈជិតស្ពានព្រែកព្នៅ ខណ្ឌព្រែកព្នៅ ក៏ឃាត់ខ្លួននាំទៅឱ្យសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់ ៕
ដោយ ៖ រ៉ារ៉ា