ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញ​មុខ​សញ្ញា​ចោរ​ឆក់​ ក្នុងក្រុងព្រះសីហនុម្នាក់​ ក្នុងចំណោម​បក្ខពួក២នាក់​ មុនបញ្ជូនទៅតុលាការ​

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​០៨​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ មុខ​សញ្ញា​ចោរ​ឆក់ម្នាក់​ ក្នុងចំណោម​បក្ខពួក២នាក់​ ដែល​ធ្វើ​សកម្មភាព​ឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវ​យ៉ាងសកម្ម​ ត្រូវ​បានបង្ហាញមុខជា​សាធារណៈ​ មុនបញ្ជូនខ្លួនទៅតុលាការ​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​។ 

ជនសង្ស័យ មានឈ្មោះ ឈុន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរ មិនពិតប្រាកដ ។ 

របាយការណ៍​ដដែល​បន្តថា​ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ​ វេលាម៉ោងប្រហែល ២២និង០០នាទីយប់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិច ពណ៌ខ្មៅ ម្នាក់ឯង តាមផ្លូវ ហើយកម្លាំងយើងមានការសង្ស័យ មានភិនភាគដូចមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់សម្ភារៈតាមផ្លូវកន្លងមក ទើបកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាន ។ 

ក្រោយពេលសាកសួរជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ម្នាក់ទៀត ឈ្មោះ យួន (កំពុងរត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ នៅចំណុច រង្វង់មូលតោ២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង២០នាទីព្រឹក បានសំរេចប្រាកដមែន ។ 

បច្ចុប្បន្នជនសង្ស័យ០១នាក់ខាងលើ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី ៕

ដោយ​៖ស​ តារា​


ចែករំលែក៖