ភ្នំពេញ៖ ស្ត្រីម្នាក់សង្ស័យស្រវឹងស្រាខ្លាំងហើយបានបើករថយន្តព្រូសមួយគ្រឿងខណៈផ្លូវកំពុងមានការកកស្ទះបណ្ដាលឱ្យជ្រុលទៅបុករះចិញ្ចើមផ្លូវ បែកទុយយោទឹកប្រជាពលរដ្ឋ និងបង្គោលស្លាកសញ្ញាចរាចរណ៍ផ្លូវរថភ្លើងឆ្លងកាត់ រួមនឹងម៉ូតូ scoopy មួយគ្រឿងខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រកិនជាប់ពីលើបណ្ដាលឱ្យមនុស្សប្រុសស្រីពីរនាក់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង ៤០នាទីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវ លេខ២០១១កែងនឹងផ្លូវរថភ្លើង ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3C-3447ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២០១១ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើខណៈផ្លូវកំពុងមានចរាចរណ៍ចង្អៀតបានបន្ថយល្បឿនតិចៗ ខណៈនោះក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដា scoopy ពណ៌ស ជិះដោយយុវជនម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតធ្វើដំណើរមកពីក្រោយ ហើយស្របពេលនោះក៏មានរថយន្តToyota Prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BR-0822បើកបរដោយស្រីម្នាក់សង្ស័យស្រវឹងស្រាផងធ្វើដំណើរមកពីក្រោយជ្រុលទៅបុករះចិញ្ចើមផ្លូវបណ្ដាលឱ្យបែកទុយយោទឹកផ្ទះប្រជាពលរដ្ឋ រួចបន្តទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលម៉ូតូខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រខាងក្រោយចំហៀងខាងស្តាំកិនជាប់ពីលើ រងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសស្រាល ចំណែករថយន្តបង្កបានបន្តទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍បន្តយល្បឿនផ្លូវរថភ្លើងឆ្លងកាត់បណ្តាលឱ្យវៀច រីឯរថយន្តបង្ករងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានឱ្យអ្នកបើកបររថយន្តកុងតឺន័រថយក្រោយរួចទាញម៉ូតូចេញយកមកដាក់លើចិញ្ចើមផ្លូវ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុ។ បន្ទាប់មកភាគីខាងរថយន្តបង្កបានប្រាប់សមត្ថកិច្ចថាសូមធ្វើការសម្រុះសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ៕
ដោយ៖សុខាសែនជ័យ