ព័ត៌មានទាន់ហេតុការណ៍៖

ទំនងជាស្រវឹងស្រាបើករថយន្តទៅបុករថយន្តប្រមូលសំរាមខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនមិនប្រយ័ត្នបានរេចង្កូតជ្រុលទៅបុករថយន្តប្រមូលសំរាម ដែលកំពុងតែឈប់ប្រមូលសំរាម នៅតាមដងផ្លូវចំពីចំហៀងយ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខូចខាតមួយចំហៀងខាងស្តាំស្ទើរទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តប្រមូលសំរាមមួយគ្រឿង ពាក់ស្លាកលេខ AT22 3.1921 ប្រមូលសំរាមនៅតាមបណ្តោយផ្លូវមហាវិថីចោមចៅ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ បានបើករថយន្តអែបកៀនដើម្បីឈប់ប្រមូលសំរាម ភ្លាមនោះស្រាប់តែគេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2BO-1624 ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីចោមចៅ ស្របទិសពីត្បូងមកជើងយ៉ាងលឿន បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុករថយន្តប្រមូលសំរាម ចំពីចំហៀងខាងស្តាំពេញទំហឹង បណ្តាលឲ្យខូចខាតផ្នែកចំហៀងខាងស្តាំស្ទើរទាំងស្រុង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រួចឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖