ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងសិស្សសាលាជិះកង់បត់ឆ្វេងត្រូវម៉ូតូដែលបើកបញ្ច្រាសគ្នាបុកស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

    ខេត្តស្វាយរៀង៖ ក្មេងសិស្សសាលាម្នាក់បានស្លាប់និងអ្នកជិះម៉ូតូប្រុសស្រី២នាក់ទៀតរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយខណៈដែលក្មេងរងគ្រោះកំពុងជិះកង់បត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវម៉ូតូដែលបើកបញ្ច្រាសទិសគ្នាបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងថ្ងៃ។

    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីថ្ងៃត្រង់ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២២នៅលើផ្លូវក្រាលកៅស៊ូស្ថិតនៅក្នុងភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

    តាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ក្មេងសិស្សសាលាដែលស្លាប់មានឈ្មោះ ឡុង ប៊ុនហេង  អាយុ៩ឆ្នាំ មានទីលំនៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង។

    ចំណែកអ្នកបើកម៉ូតូមានឈ្មោះសៅ សុខផេង អាយុ២២ឆ្នាំ  មុខរបរកម្មកររោងចក្រ រស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង(របួសធ្ងន់)  និងអ្នករួមដំណើរឈ្មោះ រស់ ស្រីចាន់ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គប្រស្រែ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង(របួសធ្ងន់) ជិះម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខស្វាយរៀង១T-១៥១៤ខូចខាតទាំងស្រុង។

    តាមសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុមានក្មេងសិស្សសាលាម្នាក់បានជិះកង់មួយគ្រឿងដោយធ្វើដំណើរនៅលើផ្លូវក្រាលកៅស៊ូពីលិចទៅកើតហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ១២៥ស៊េរីឆ្នាំ ២០២២ ពណ៌ក្រហមពាក់ស្លាកលេខស្វាយរៀង ១T-១៥១៤ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

    បច្ចុប្បន្ន ក្មេងប្រុសដែលស្លាប់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសធ្ងន់ទាំង២នាក់ត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។

    ចំណែកវត្ថុតាងមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖