ព័ត៌មានទាន់ហេតុការណ៍៖

កងការពារព្រំដែនលេខ ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

ចែករំលែក៖

ខេត្តកណ្តាល៖​ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក ណុន ប៊ុនធឿន មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ ៦០១ បានមានប្រសាសន៍ថា ក្រៅពីការងារស្នូល ដោយអនុវត្តតាមបទបញ្ជារបស់ លោកមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ មានភារកិច្ចត្រៀមបម្រុងកម្លាំងនៅហ្នឹងកន្លែង ទាំងមធ្យោបាយ គ្រឿងបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ត្រៀមសហការជាមួយកម្លាំងមានសមត្ថកិច្ចដែលអង្គភាពឈរជើង ដើម្បីការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព នាឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ បុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបុណ្យឆ្លងឆ្នាំសកលខាងមុខនេះ។ 

មេបញ្ជាការកងការពារព្រំដែនលេខ ៦០១​ បានបន្ដថា​ ដូច្នេះ​យើង​ត្រូវបង្កើនការប្រុងប្រយ័ត្នតាមដានសភាពការណ៍ព្រំដែន ចាត់តាំងកម្លាំងត្រៀមប្រយុទ្ធ ធ្វើសកម្មភាពល្បាតត្រួតពិនិត្យតាមបណ្ដោយព្រំដែន ដោះស្រាយទាន់ពេលវេលានូវយកថាហេតុកើតឡើង ការពាររឹងមាំបូរណភាពទឹកដី និងចំណុចឈរជើងរបស់ខ្លួន ទប់ស្កាត់បង្ក្រាបបានទាន់ពេលវេលារាល់បទល្មើស ជួញដូរមនុស្ស រត់ពន្ធគ្រឿងញៀន ការឆ្លងដែនចេញចូលខុសច្បាប់ ដើម្បីបង្ការជំងឺកូវីដ១៩ នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្ដាល ពិសេសត្រៀមកម្លាំង ជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ក្នុងភូមិសាស្ត្រទទួលខុសត្រូវ និងត្រូវត្រៀមខ្លួន គ្រឿងបំពាក់ សម្ភារៈប្រើប្រាស់ និងមធ្យោបាយ ២៤ម៉ោងលើ២៤ម៉ោង រង់ចាំបទបញ្ជា៕

ដោយ​៖សហការី​


ចែករំលែក៖