ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ទី១០ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញករណីជនសង្ស័យពាក់ព័ន្ធករណីលួចម្នាក់ដែលបានស្លាប់ដោយសារជំងឺរុំារ៉ៃ បែរជាចោទប្រកាន់ខុសការណ៍ពិតមកលេីសមត្ថកិច្ចទៅវិញ។ ដូច្នេះស្នងការដ្ឋាននគរបាលរាជធានីភ្នពេញមានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា YA Nick បានចុះផ្សាយចោទប្រកាន់លើកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅថា “បងប្រុសខ្ញុំគេចោទថាជាជនសង្ស័យ ចាប់បងប្រុសខ្ញុំទៅសង្កាត់គោករកានៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ វេលាម៉ោង៣រសៀល ពេលគេចាប់បងខ្ញុំទៅគ្មានរបួសស្នាមអ្វីទាំងអស់សុខភាពនៅធម្មតា…” ការចុះផ្សាយនេះគឺខុសពីការណ៍ពិត ក្នុងន័យបង្ខូចកិត្តិយសមន្ត្រីអនុវត្តច្បាប់ ។
កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៤:១៦នាទី ជនរងគ្រោះឈ្មោះ សុខ វណ្ណៈ បានមករាយការណ៍ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោករកា នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានបាត់គ្រឿងបន្លាស់រថយន្ដនៅចំណុចក្រោមសំយាបផ្ទះលេខ២០០ ផ្លូវD ក្នុងបុរីពីភពថ្មីឈូកវ៉ា១ ភូមិភ្លូរផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចក៏បានចុះធ្វើអន្ដរាគមន៍ដល់ចំណុចកើតហេតុ និងធ្វើការស្រាវជ្រាវស្វែងរកជនសង្ស័យ ដោយបានបើកកាមេរ៉ាសុវត្ថិភាពនៅក្បែរទីតាំងកើតហេតុមើល ក៏ប្រទះឃើញជនសង្ស័យចំនួន០៣នាក់ ទី១.ឈ្មោះ ហាយ ប៊ុនណា ភេទប្រុស, ទី២.ឈ្មោះ គឹម ឆុន ភេទប្រុស និងទី៣.ឈ្មោះ គឹម សួគ៌ា ភេទប្រុស បានធ្វើសកម្មភាពលួចគ្រឿងបន្លាស់រថយន្ដរបស់ជនរងគ្រោះ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម៉ោង១៤:១៦នាទី ហើយបាននាំគ្នារត់គេចខ្លួនបាត់។
រហូតមកដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៨:៣០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ នៅចំណុចលើផ្លូវបេតុង ភូមិអណ្ដូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ យកមកធ្វើការសាក់សួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលគោករកា។ នៅចំពោះសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានសារភាពថាពួកខ្លួនពិតជាបានលួចយកគ្រឿងបន្លាស់រថយន្ដរបស់ជនរងគ្រោះនៅចំណុចកើតហេតុខាងលើ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ម៉ោង១១៤:១៦នាទី ប្រាកដមែន ហើយបានយកទៅលក់បានប្រាក់ចំនួន១០០.០០០រៀល (ដប់ម៉ឺនរៀលគត់) យកមកចែកគ្នាចាយវាយអស់។
លុះមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ហាយ ប៊ុនណា ដែលសមត្ថកិច្ចកំពុងឃាត់ខ្លួន នៅក្នុងបន្ទប់ឃាត់ខ្លួនបណ្ដោះអាសន្ននៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅក៏មានអាការប្រកាច់ដួលផ្ងាកក្រោយទាំងជំហរ(មានទាំងកាមេរ៉ាសុវត្ថិភាព) ភ្លាមនោះកម្លាំងសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ តែដោយសារស្ថានភាពធ្ងន់ធ្ងរពេកទើបក្រុមគ្រូពេទ្យបង្អែកព្រែកព្នៅ បានបញ្ជូនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) រាជធានីភ្នំពេញ តែម្ដង។
រហូតដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ លោក អុឹម វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនលើជនសង្ស័យឈ្មោះ ហាយ ប៊ុនណា ដែលកំពុងសម្រាកព្យាបាលនៅក្នងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ដើម្បីយកជនសង្ស័យទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ តែដោយសារស្ថានភាពជំងឺរបស់ជនសង្ស័យមិនបានធូរស្រាល ទើបកម្លាំងសមត្ថកិច្ចបន្ដព្យាបាលជនសង្ស័យនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទី ទើបកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យឈ្មោះ ហាយ ប៊ុនណា ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឲ្យអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ មណ្ឌលអប់រំកែប្រែទី១ គ្រប់គ្រងបន្ដ លុះដល់ថ្ងៃទី០៣ ខែឆ្នាំដដែល ម៉ោង១៦:៣០នាទី ស្រាប់តែជនសង្ស័យឈ្មោះ ហាយ ប៊ុនណា បាន ទទួលមរណភាព នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរវៀតតែម្តង។ បន្ទាប់មកការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ របស់នាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ក្រសួងមហាផ្ទៃ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ ព្រមទាំងមន្ដ្រីតំណាងឲ្យអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែរប្រែទី១ (ម១) ក្រសួងមហាផ្ទៃ បានចុះពីនិត្យលើសពជនសង្ស័យឈ្មោះ ហាយ ប៊ុនណា បញ្ជាក់ថា ជនសង្ស័យឈ្មោះហាយ ប៊ុនណា បានស្លាប់ដោយសារខ្សោយតម្រង់នោមដំណាក់កាលចុងក្រោយ៕
ដោយ៖សហការី