ភ្នំពេញ៖ នៅថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២ស្អែកនេះបើមិនមាន ការប្រែប្រួលទេ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនបង ប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅវេលាម៉ោង ២និង ៣០នាទីរសៀល នៅសាល B ទីស្តីការក្រសួងការងារ។
ប្រជុំនៅរសៀលថ្ងៃថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២២នេះគឺជាកិច្ចប្រជុំលើកទី៤ខណៈកិច្ចប្រជុំលើកទី ៣ កាលពីថ្ងៃទី ៣១សីហាឆ្នាំ២០២២ រាជរដ្ឋាភិបាលបានគណនាឃើញ ថា តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៣ គឺ ១៩៧,៨៦ ដុល្លារអាមេរិក ខណៈភាគីនិយោជកបានតម្លើងតួលេខពី ១៩៤ ដល់ ១៩៦ដុល្លារ និងភាគីកម្មករនិយោជិតបានបន្ថយតួលេខពី ២១៥ មកនៅត្រឹមតែ ២១៣ ដុល្លារ។ នៅក្នុងកិច្ចប្រជុំនាថ្ងៃស្អែកនេះគេរំពឹងថាតួលេខអាចនឹងកើនឡើងបន្តិចទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់បងប្អូនកម្មករកម្មការិនី។
លោក ហេង សួរ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ,ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ភាគីនីមួយៗបានឯកភាពគ្នានឹងបន្តកិច្ចប្រជុំនៅថ្ងៃទី ១៣ កញ្ញា និងថ្ងៃទី២១ កញ្ញា ដែលជាកិច្ចប្រជុំចុងក្រោយ។
លោករដ្ឋលេខាធិការបានបន្តថា ប្រជុំថ្ងៃទី១៣ កញ្ញានេះ ភាគីរាជរដ្ឋាភិបាលនឹងមានសំណូមពរផ្សេងៗពីភាគីនិយោជកនិងភាគីតំណាងកម្មករនិយោជិត ហើយបើក្នុងករណីភាគីទាំង ៣ មានការឯកភាពគ្នានូវតួលេខរួមគ្នាមួយនោះនឹងបញ្ចប់តែម្តង។ ប៉ុន្តែបើមិនព្រមព្រៀងគ្នាទេ នឹងត្រូវបន្តទៅថ្ងៃទី២១កញ្ញា ដែលមានការចូល រួមពីលោកបណ្ឌិត អុិត សំហេង ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្មួលអប្បបរមា ហើយនឹងសួរភាគីទាំង៣សម្រេចយកតួលេខរួមគ្នា បើមិនមានការឯកភាពទេត្រូវបោះឆ្នោត ដើម្បីជ្រើសរើសយកតួលេខមួយដាក់ជូនប្រមុខរដ្ឋាភិបាលជាអ្នកសម្រេច។
គួរបញ្ជាក់ថាសម្រាប់ប្រាក់ឈ្មួលអប្បបរមាកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើងនិងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២២ទទួលបាន១៩៤ដុល្លារក្នុង១ខែដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕
ដោយ៖ សូរិយា