ខេត្តស្ទឹងត្រែង ៖ សិស្សស្រីអនុវិទ្យាល័យទួលមាសអូររៃចំនួន០៣នាក់ទៀតហើយ បានដួលសន្លប់ជាបន្តបន្ទាប់ ព្រមទាំងរវើរវាយនិយាយមិនដឹងខុសត្រូវ ត្រូវបានលោកគ្រូអ្នកគ្រូសិស្សានុសិស្សនាំគ្នាធ្វើចលនារួច ក៏បានដឹកយកទៅឲ្យក្រុមគ្រួសារយកទៅព្យាបាល។
ហេតុការណ៍សិស្សដួលសន្លប់នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចសាលាអនុវិទ្យាល័យទួលមាសអូររៃ ស្ថិតក្នុងភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក វ៉ាន់ នីម នាយកអនុវិទ្យាល័យទួលមាសអូររៃ បានឲ្យដឹងថា នៅឆ្នាំ២០២២នេះ ចាប់ពីដើមឆ្នាំរហូតមក ទល់ពេលនេះ មានករណីកើតឡើងដល់សិស្សដួល សន្លប់ចំនួនពីរលើកមកហើយ ដោយលើកទី១ មានសិស្សចំនួន៧នាក់ ហើយនៅថ្ងៃទី១២ខែកញ្ញានេះ មានសិស្សចំនួនន៣នាក់ទៀត។
លោកនាយកសាលាបានបញ្ជាក់ថា នៅមុនកើតហេតុនោះ មានសិស្សស្រីទាំង៣នាក់ មានសភាពដូចជាឈឺក្បាល វិលមុខ បន្ទាប់មកក៏បាត់មាត់បាត់ក សន្លប់នៅលើតុ ត្រូវបានគ្រូនិងសិស្សក្នុងថ្នាក់ជួយធ្វើចលនា រួចមកពួកគាត់ក៏ហាក់ដូចជាដឹងខ្លួនតែនិយាយរវើរវាយ ខុសពីធម្មតា ហើយក៏បានបញ្ជូនយកទៅឲ្យក្រុមគ្រួសារយកទៅព្យាបាលបន្ត។
លោក ឈូក ឌី មេឃុំអូររៃក៏បានឲ្យដឹងដែរថា ករណីសិស្សស្រីទាំង៣នាក់នេះ កើតឡើងក្នុងចំណោមសិស្សស្រី ៧ នាក់ដែលធ្លាប់កើតពីលើកមុន មានអាការៈដូចគ្នា ហើយត្រូវបានខ្លះគេសន្និដ្ឋានថាជាអបិយជំនឿ មានខ្មោចអារុកអារក្សអ្នកតាចូល។
លោកមេឃុំបន្តថា ក្រោយពីមានហេតុការណ៍នេះ លោកនាយកសាលា,មេភូមិ,មេឃុំនិងអាណាព្យាបាលរួមទាំងប្រជាពលរដ្ឋបាននិមន្តព្រះសង្ឃចំនួន៧ វត្ត មកសូត្រប្រោសព្រំក្នុងអនុវិទ្យាល័យនេះ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់សិស្សានុសិស្ស ក្នុងសាលានេះផងដែរ។
លោកមេឃុំបន្តថា នៅថ្ងៃទី១២ ខែកញ្ញានេះ ក៏មានខាងមន្ទីរអប់រំនិងមន្ត្រីសុខាភិបាល បានចុះទៅពិនិត្យដល់សាលារកពីមូលហេតុ។ ក្រោយពីការពិនិត្យពីមន្ត្រីសុខាភិបាលពីអាការៈសិស្សនិងពិនិត្យមើលឈាមជាតិស្ករនោះ លោកបានសន្និដ្ឋានថា ដោយសារសិស្សស្រីទាំងនោះខ្វះជាតិស្ករខ្វះឈាម ទើបមានអាការៈបែបនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ខែកញ្ញាកន្លងមកនេះ ក៏មានសិស្សសាលាអនុវិទ្យាល័យសេសានចំនួន១០នាក់ដែលកើតអាការៈបែបនេះ។ នៅថ្ងៃទី១២ខែកញ្ញានេះ សិស្សនុវិទ្យាល័យទួលមាសអូររៃ៣នាក់ ក៏កើតអាការៈបែបនេះផងដែរ។ ក្រោយពីសិស្សទាំងនោះត្រូវបានព្យាបាល និងបន់ស្រន់តាមរបៀបអបិយជំនឿផងនោះ បានជាសះស្បើយអស់ហើយ៕
ដោយ៖ សូរិយា