ខេត្តកំពង់ធំ ៖ កុមារីឈ្មោះ សែ អារីណា អាយុ០៨ឆ្នាំ រស់នៅភូមិជន្លូស ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានជំងឺទឹកនោមផ្អែមទាំងវ័យក្មេង បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប។ ខណៈម្ដាយជាស្រ្ដីមេម៉ាយទីទ័លក្រ ទៅធ្វើការងាររកប្រាក់យកមកព្យាបាលកូន ទុកកូនស្រីនៅម្នាក់ឯង អត់មានអ្នកមើលថែ ពិបាកក្នុងការរស់នៅជាទីបំផុត។
ជាក់ស្ដែងដោយក្ដីអាណិតអាសូរជាពន់ពេក ភ្នាក់ងារសារព័ត៌មានមជ្ឈមណ្ឌលកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន នៅថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២២នេះ បានចុះទៅជួបម្ដាយផ្ទាល់ និងកុមារីដោយផ្ទាល់ ឃើញស្ថានភាពកុមារីពិបាកពេកជាពិសេសកុមារីត្រូវការថវិកាព្យាបាលជំងឺដើម្បីកុំឱ្យជំងឺនេះវិវត្តន៍ទៅមុខបន្តទៀត។
លោកស្រី គឹម សុញ្ញា ដែលជាម្ដាយក្មេងស្រី បានបន្តថា រាល់ថ្ងៃគាត់ទៅធ្វើការងាររកប្រាក់យកមកព្យាបាលកូន ទុកកូនស្រីនៅម្នាក់ឯង អត់មានអ្នកមើលថែ ពិបាកក្នុងការរស់នៅជាទីបំផុត។ ជាមួយគ្នានោះ លោកស្រី គឹម សុញ្ញា ក៏បានអំពាវនាវរកសប្បុរសជន និងអង្គការដៃគូនានា ក្នុងការជួយកុមារី ប្រសិនជាសប្បុរសជនចង់ចូលរួមឧបត្ថម្ភក្នុងការព្យាបាលគាត់ក៏ដូចជាឧបត្ថមនូវសម្ភារៈប្រើប្រាស់ ម្ហូបអាហារ នំចំណី ថវិកា ទោះតិចក្ដីច្រើនក្ដី ក៏ជាបុណ្យចេញពីចិត្តដល់ល្អប្រពៃណាស់។
ដោយសង្កេតឃើញពីទុក្ខលំបាកវេទនារបស់កុមារីមួយនេះ អង្គភាពយេីងក៏បានចុះផ្សព្វផ្សាយ និងរកសប្បុរសជនបន្ថែមទៀត ដើម្បីឧបត្ថម្ភឲ្យកុមារី យកថវិកាមកព្យាបាលឱ្យឆាប់ជាពីជំងឺទឹកនោមផ្អែម បានបន្តក្នុងការរៀនសូត្រដូចកុមារដទៃទៀតដែរ៕
ដោយ៖សហការី