ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់គ្រប់មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន អាជីវករ ពាណិជ្ជករ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ជ្រាបថា ឆ្នាំ២០២២នេះ ខេត្តស្វាយរៀងនឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នៅទន្លេវ៉ៃគោ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៥កើត និងថ្ងៃអាទិត្យ ៦កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ (ដំណើរការប្រណាំងទូកចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២តទៅ) ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលជាពិធីបុណ្យប្រពៃណ៍ជាតិខ្មែរតាំងពីយូរលង់មក ហើយ និងបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋបានទស្សនាកម្សាន្ត ។
ដើម្បីឱ្យពិធីប្រណាំងទូកនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាឆ្នាំនេះប្រព្រឹត្តទៅ ក្នុងបរិយាកាសសប្បាយរីករាយ និងមានភាពអធិកអធម រដ្ឋបាលខេត្ត សូមជម្រាបជូនដល់គ្រប់ បណ្តាមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកឧកញ៉ា លោក លោកស្រី ដែលមានទូកខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក មានបំណងចូលរួមប្រណាំងសូម អញ្ជើញ មកចុះឈ្មោះចូលរួមប្រណាំង នៅមន្ទីរទេសចរណ៍ខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅរៀងរាល់ ម៉ោងធ្វើការ ។
រដ្ឋបាលខេត្ត មានសេចក្តីសង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិតជាមានការសហការគាំទ្រ និងអញ្ជើញចូលរួម ទស្សនាឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យពិធីប្រណាំងទូកនៅខេត្តស្វាយរៀងនាឆ្នាំនេះ ប្រព្រឹត្តទៅ ក្នុងបរិយាកាសសប្បាយរីករាយ មានភាពអធិកអធម និងទទួលបានលទ្ធផលជោគជ័យល្អប្រសើរ ៕
ដោយ ៖ សិលា