ភ្នំពេញ៖ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វកាលរីជន មានមាតា បីតា ញាតិការទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខឱ្យមកទទួលផលបុណ្យទាំងនេះ នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ លោកអ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្នុងជួរគណៈអភិបាល អញ្ជើញ សូត្រមន្តកាន់បិណ្ឌវេនទី៥ នៅ វត្តពោធិព្រះបាត្រ ហៅវត្តច្បារអំពៅ ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងពិធីនោះដែរ លោកអភិបាលខណ្ឌបានប្រគេនទ័យទាន ទ័យវត្ថុ គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខដល់ព្រះសង្ឃ និង ប្រគេនបច្ច័យសម្រាប់កសាងវត្ត១លានរៀល ព្រះចៅអធិការវត្ត២០ម៉ឺនរៀល ព្រះគ្រូសូត្រឆ្វេង សូត្រស្តាំ ក្នុង១អង្គ១០ម៉ឺនរៀល និងសាមណេ ក្នុង១អង្គៗ ៤ម៉ឺនរៀល។
សូមរំលឹកថា ពិធីប្រារព្ធកាន់បិណ្ឌត្រូវធ្វើឡើងចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថាជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។ នៅថ្ងៃនោះមហាជន ប្រុស ស្រី ក្មេង ចាស់នៅទូទាំងប្រទេសកម្ពុជានាំគ្នា ទៅធ្វើបុណ្យនៅវត្តដោយ មានទឹកមុខ រីករាយ ស្រស់ស្រាយពោរពេញទៅដោយ ជំនឿ ជឿជាក់ ចំពោះព្រះពុទ្ធសាសនា ជឿបុណ្យជឿបាប ជឿកម្មផល ។ ទាំងអស់គ្នាសសុទ្ធតែមានសម្លៀក បំពាក់ល្អៗ ថ្មីៗ យ៉ាងប្រណីត។ សម្រាប់ពិធីបុណ្យនេះនៅគ្រប់វត្តទូទាំង ប្រទេសមាន ឧបាសក ឧបាសិកា មហាជន មូលមីរគ្រឹកគគ្រេងធ្វើឱ្យបរិយាកាសនៅក្នុងវត្តមានភាពឱឡារិកអធិកអធមក្រៃលែងសំឡេងភ្លេងពិណពាទ្យឬ ភ្លេងប្រពៃណីបានបន្លឺរងំរណ្តំពីរោះត្រជាក់ដល់សោតិន្ទ្រិយារម្មណ៍និគួរឱ្យរំភើបរីករាយពន់ប្រមាណ ៕
ដោយ៖ សណ្តោស