ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំនៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បាននាំយកថវិកាធានារ៉ាប់រងសង្គម ចំនួនជាង១៥៣លានរៀល ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន១៨គ្រួសារ រស់នៅតាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោកស្រី កែវ ចន្ឋូ ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន ខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសពអតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួសារនីមួយៗត្រូវទទួលបាន ទៅតាមឋានន្តរសក្តិ និងអតីតភាពការងាររបស់សព អតីតយុទ្ធជននីមួយៗ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិតរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិនិងប្រជាជន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនទាំងនោះ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការចង្អុលណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែបយ៉ាង ពីសុខទុក្ខបងប្អូនអតីតយុទ្ធជន គ្រប់ពេលវេលា គ្រប់ទីកន្លែងព្រោះបងប្អូនអតីតយុទ្ធជន បានចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិយើងមានសុខសន្តិភាព ពេញលេញដូចសព្វថ្ងៃនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ថវិកាធានារ៉ាប់រងសង្គម ដែលត្រូវប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅថ្ងៃនេះ គឺដោយសារការផ្ដួចផ្ដើមឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុនក្នុងការប្រកបមុខរបររកទទួលទានរបស់គ្រួសារសពអតីតយុទ្ធជន ដូច្នេះសំណូមពរដល់ក្រុមគ្រួសារសពអតីតយុទ្ធជនយេីងខិតខំប្រកបមុខរបររកទទួលទានចិញ្ចឹមជីវិតដោយសុច្ចរិតទៀងត្រង់និងស្របតាមច្បាប់ ។
ក្រុមគ្រួសារសពអតីតយុទ្ធជនទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានបង្កើតឲ្យមានសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់លំដាប់ថ្នាក់ ដើម្បីមើលថែទាំពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង និងសូមគោរពជូនពរសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវពុទ្ធពរទាំងឡាយ៥ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ៖សហការី