សារព័ត៌មានBBC នៅថ្ងៃទី១៥ខែកញ្ញា ត្រូវផ្អាកការផ្សាយផ្ទាល់មួយភ្លែតក្នុងព្រះរាជពិធីបុណ្យព្រះសពព្រះមហាក្សត្រិយានីនៅវិមាន Westminster ក្រោយពេលទាហានម្នាក់ដែលឈរយាមនៅមុខព្រះមឈូសាដួលសន្លប់។
រូបភាពបង្ហាញឲ្យឃើញថា ទាហានម្នាក់ឈរលែងនឹងហើយក៏ដួលសន្លប់តែម្តង។ បុគ្គលិកសន្តិសុខផ្សេងទៀតបានរត់ទៅជួយ ហើយមកទល់ពេលនេះមិនទាន់ដឹងពីស្ថានភាពទាហានខាងលើនៅឡើយទេ។ តាមសារព័ត៌មានBBC ហេតុការណ៍ខាងលើកើតឡើងនៅវេលាម៉ោង០និង៣០នាទីថ្ងៃទី ១៥ខែកញ្ញា ។ ហេតុការណ៍ខាងលើបានធ្វើឱ្យអ្នកអានក្នុងបណ្តាញសង្គមបារម្ភយ៉ាងខ្លាំង ។
សារព័ត៌មាន Telegraph បានផ្សាយថា «ទាហានខាងលើបានដួលផ្កាប់មុខទៅលើទីធ្លា អាចនឹងបង្កឱ្យមានរបួស»។ នៅវិមាន Westminster បានបើកទ្វារដើម្បីឱ្យមហាជនចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយានីអេលីហ្សាបែតទីពីរ ចាប់ពីម៉ោង ១៧ ថ្ងៃទី១៤ខែកញ្ញា អូសបន្លាយដល់ថ្ងៃទី១៩ខែកញ្ញា ។ ពិធីនោះត្រូវបានបណ្តាញទូរទស្សន៍អង់គ្លេសផ្សាយផ្ទាល់ផងដែរ៕
ដោយ៖ ធីរីណា(រូបថត ៖ Sky news)