ខេត្តកណ្តាល៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមធ្វើការឆ្លើយតប ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ សាវេន កូកូ ដែលបានបង្ហោះរូបភាព និងវីដេអូ អមដោយខ្លឹមសារថា៖ ដឹងតែផលប្រយោជន៍ ខ្លួនឯងអត់គិតពីអ្នកដ៏ទៃសោះដាក់លើផ្លូវសាធារណៈ សូមលោកអុំមេឃុំ និងលោកអភិបាលស្រុក ចុះមកមើលផងនៅវត្តឬស្សីជ្រោយ ឃុំស្វាយប្រទាល ។
ក្រោយពីទទួលបានព័ត៌មាននេះរួច លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យលោកអធិការនគរបាលស្រុកស្អាង ចុះពិនិត្យករណីខាងលើ ។
ជាលទ្ធផល កាលពីរសៀលថ្ងៃទី១៥ ខែកញ្ញាម្សិលមិញនេះ លោកអធិការបានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ចុះដល់ទីតាំង ដេប៉ូខ្សាច់របស់ឈ្មោះ រាជ សាផា ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិដនវ៉ាន ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រកស៊ីដេប៉ូខ្សាច់ស្ថិតនៅចំណុចភូមិព្រែកតាតិន ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ចំណាត់ការ ៖ ចំពោះម្ចាស់ដេប៉ូខ្សាច់ខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល បានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពរាល់ពេលដែលឡានចូលមកដឹកខ្សាច់មិនត្រូវឱ្យឈប់ដាក់ខ្សាច់នៅលើផ្លូវសាធារណៈទៀតទេចាប់ពីថ្ងៃនេះតទៅ ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕
ដោយ៖សហការី