ព័ត៌មានទាន់ហេតុការណ៍៖

សូម​ប្រុងប្រយ័ត្ន! ​ចំពោះ​ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM ខណៈក្រសួងសុខាភិបាល​ ហាមឃាត់​ការលក់ឬចែកចាយ

ចែករំលែក៖

​ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​កម្ពុជា​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់​ការចែកចាយ ឫលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM ដែលគ្មានលេខបញ្ជិកា​ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ 

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ TM99 Branding Shop កំពុង ផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និងផលិតផលផ្សេងៗ​ទៀតគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្ដីពីការគ្រប់គ្រងឱសថ តម្រូវ ឱ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុង ព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ញិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផល​ឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខ បញ្ញិកាខាងលើជាបន្តទៀត។ ក្រសួងសុខាភិបាលតម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធ ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM នេះជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធ ទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ PSORIASIS CONTROL MOISTURIZER CREAM និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀត ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។ 

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថឈ្មោះPSORIASIS CONTROL MOISTURIZER CREAM និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀតខាងលើនេះ សូម បងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕

ដោយ៖សហការី


ចែករំលែក៖