ព័ត៌មានទាន់ហេតុការណ៍៖

តំណាង​ឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា​ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ នេះបេីយោង​តាមប្រភពព័ត៍មានពី​កងទ័ព​ជើង​គោក​នៃកងយោធពលខេមរភូមិន្ទ​ នៅរសៀល​ថ្ងៃ​សុក្រ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ លោក ថេង ច័ន្ទសង្វារ​ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អញ្ជើញសំណេះសំណាល សួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣​ ។ 

ក្នុងឱកាសសំណេះសំណាលនេះដែរ​ លោក ថេង ច័ន្ទសង្វារ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ជា សុផារ៉ា ដែលជានិច្ចកាលបានគិតគូរចំពោះសុខទុក្ខ និងការរស់នៅ របស់យោធិនទាំងអស់​ នៃកងកម្លាំងប្រដាប់អាវុធគ្រប់ទីកន្លែង​។ ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ​ បានសម្ដែងនូវការកោតសរសើរចំពោះស្មារតីតស៊ូអង់អាចក្លាហានប្រកបដោយវីរ:ភាពរបស់យោធិន​ ដែលបានយកអស់កម្លាំងកាយចិត្ត​ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ​ ការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ​ របស់យើងមានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ លោក ថេង ច័ន្ទសង្វារ សូមជូនពរដល់យោធិនទាំងអស់ក្នុងឱកាសបុណ្យ​ ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​សូមប្រកបដោយពុទ្ធពរជ័យ ទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។

លោករដ្ឋលេខាធិការ ព្រមទាំងគណៈប្រតិភូ ក៏បាននាំយកថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម និងសំណង់ នូវថវិកា ១០ លានរៀល សម្រាប់អង្គភាព និង ៩២ លានទៀតសម្រាប់យោធិន ដោយក្នុងម្នាក់ទទួលបានថវិកា ១០០,០០០៛ ផងដែរ។

ក្នុងនោះដែរ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ​ យោធភូមិភាគ​ទី​៣​ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានសំដែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម និងសំណង់ និងលោក ថេង​ ច័ន្ទសង្វាររដ្ឋលេខាធិការ ព្រមទាំងគណៈប្រតិភូ​ ដែលបានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខ នាយ-ពលទាហាន ក្នុងឱកាសបុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​សូមជួបតែពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ​៖សហការី​


ចែករំលែក៖