ខេត្តព្រះវិហារ៖ យោងតាមរបាយការណ៍ដែលអង្គភាពយើងទទួលបានពីរដ្ឋបាលខណ្ឌសែនសុខបានឱ្យដឹងនៅរសៀលថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២២នេះថាកាលពីរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ប្រតិភូខណ្ឌសែនសុខ ដឹកនាំដោយលោក ឆាយ វាសនា អភិបាលរងខណ្ឌ តំណាងលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងប្រតិភូខណ្ឌដង្កោ ដឹកនាំដោយ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានអញ្ជើញទៅសួរសុខទុក្ខគ្រួសារកងទ័ពនៅវរសេនាតូចលេខ៣៩៤ ដែលជាវរសម្ព័នមេត្រីភាព របស់ខណ្ឌទាំងពីរ ស្ថិតនៅភូមិសែនរុងរឿង៤ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងឱកាសនោះដែរក្រុមការងារខណ្ឌទាំងពីរ បាននាំយកនៅនូវគ្រឿងឧបភោគបរិភោគមាន មី ត្រីខកំប៉ុង និងថវិកាផ្តល់ជូនផ្ទាល់ជូនដល់មេវរ រងវរ នាយទាហាន ពលទាហាន គ្រួសារពលី ។
គួរបញ្ជាក់ផងដែរថា ការអញ្ជើញសួរ សុខទុក្ខនេះមិនមែនជាលើកទី១ទេ គឺធ្វើឡើងជារៀងរាល់ឆ្នាំចាប់តាំងពីចងសម្ព័នមកដែលបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ពីអ្នកនៅសមរភូមិក្រោយដល់បងប្អូនកងទ័ពនៅសមរភូមិមុខ ជាពិសេសការសួរសុខទុក្ខនេះតែងតែធ្វើឡើងក្នុងពិធីបុណ្យកាន់បិណ្ឌ និងមុនភ្ជុំបិណ្ឌ ដើម្បីឧបត្ថមថវិកាខ្លះៗដល់គ្រួសារកងទ័ព ចូលរួមសប្បាយរីករាយធ្វើបុណ្យជួបជុំគ្រួសារប្រពៃណីជាតិខ្មែរ៕
ដោយ៖ចន្ទ លីហ្សា