ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! ក្រសួងសាធារណការ បង្ហាញកាលបរិច្ឆេទ និងពេលវេលា សម្រាប់ពលរដ្ឋជិះរថភ្លើងដោយឥតគិតថ្លៃទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមគាំទ្ររាជរដ្ឋាភិបាល

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងសេចក្ដីជូនដំណឹងដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” ទទួលបានគឺក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងបានសហការជាមួយក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway) នឹងដាក់ដំណើរការខ្សែរថភ្លើងដោយមិនបង់ប្រាក់ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញកាលបរិច្ឆេទ និងពេលវេលា សម្រាប់ប្រជាពលរដ្ឋអាចជិះរថភ្លើងទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

ក្រសួងសាធារណការនិងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការីនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅលេង ស្រុកកំណើតក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយ ក្រុមហ៊ុនរ៉ូយ៉ាល់រលវ(Royal Railway) នឹងរៀបចំដាក់ឱ្យដំណើរការខ្សែរថភ្លើងដឹកអ្នកដំណើរ ដោយ មិនបង់ប្រាក់ រយៈពេល ០៤ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកញ្ញា ឆ្នាំ២០២២។

ខ្សែរថភ្លើងនឹងធ្វើចរាចរណ៍ដឹកអ្នកដំណើរទៅតាមកាលបរិច្ឆេទនិងពេលវេលាដូចខាងក្រោមដូចបញ្ជាក់តាមតារាងជូនដំណឹង ៖

សូមជម្រាបបញ្ជាក់ជូនផងដែរថា ចំពោះសំបុត្រសម្រាប់ការធ្វើដំណើរតាមរថភ្លើងទាំងពីរខ្សែនេះ នឹងចែកជូនផ្ទាល់នៅស្ថានីយរាជាយស្ម័យយាន (ស្ថានីយរថភ្លើងភ្នំពេញ) និងនៅតាមស្ថានីយនៃបណ្តាខេត្ត រយៈពេល ០២ថ្ងៃ មុនថ្ងៃធ្វើដំណើរ ចាប់ពីម៉ោង ០៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៧:០០នាទីល្ងាច។

ទន្ទឹមនេះ ក្នុងនាមសា្ថប័នទទួលបន្ទុកអនុវត្ត រួមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការនៃក្រសួង សាធារណការនិងដឹកជញ្ជូន សូមប្រសិទ្ធពរជ័យ សិរីសួស្ដីបវរមហាប្រសើរក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ពុទ្ធសករាជ២៥៦៦ គ្រឹស្តសករាជ២០២២នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរទៅកាន់ទីជិត ឆ្ងាយប្រកបដោយផាសុកភាព និងសុខសុវត្ថិភាពគ្រប់ពេលវេលា។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមធ្វើដំណើរ តាមខ្សែរថភ្លើង ទៅតាមកាលបរិច្ឆេទពេលវេលា និងទិសដៅធ្វើដំណើរដូចបានជម្រាបជូនដំណឹងខាង លើនេះ ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖