ខេត្តកណ្ដាល៖ គណៈគ្រប់គ្រងសាសាវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានដោះស្រាយបញ្ចប់ លើករណីសិស្សសរសេរលើអាវស បង្ហោះតាមបណ្តាញសង្គម ដោយអាណាព្យាបាលនិងសិស្ស ចូល ខ្លួនទទួលកំហុសទាំងសងខាងរឿងសិស្សមិនគោរពវិន័យសាលា ។
លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា នៅក្នុងហេតុការណ៍សិស្សថ្នាក់ទី១២ ដែលមានចំនួនជិត៨០០ នាក់ ប្រមូលផ្តុំគ្នាធ្វើសកម្មភាពគូររូប ចុះហត្ថលេខានិង សរសេរឈ្មោះនៅលើអាវស ក្រោយការប្រឡងឆមាសទី២ចប់នៅថ្ងៃទី១៤ ខែកញ្ញានេះ គណៈគ្រប់គ្រងសាលា និងសិស្សបានសហការប្រមូលអាវ ដែលសរសេរនោះ បានប្រមាណជាង ៣០០អាវ ។
រីឯអាណាព្យាបាលសិស្ស បានថ្លែងថា ក្រោយឃើញបណ្តាញសង្គម សារព័ត៌មានបង្ហោះផ្សាយរូបគ្រូវ៉ៃស្មាកូនស្រីនោះ នាំអោយលោកស្រីមានការតក់ស្លុត និងបានណែនាំកូនត្រូវ គោរព វិន័យសាលា កុំប្រព្រឹត្តទង្វើកំហុសឆ្គង ហើយលោកស្រីក៏បានស្នើសុំអ្នកសារ ព័ត៌មាន សង្គមFacebook ជាដើម ជាពិសេសបងប្អូនមហាជនសូមបញ្ឈប់ Comments ប្រមាថកូនស្រី ដើម្បីឲ្យកូនស្រីសំរួលអារម្មណ៍ចូលរៀនធម្មតាវិញ និងត្រៀមប្រឡងបាក់ឌុបនៅពេលឆាប់ៗនេះ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានថ្លែងថា «នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ គណៈគ្រប់គ្រងវិទ្យាល័យ ហ៊ុន សែន សេរីភាព ខេត្តកណ្ដាល បានជួបប្រជុំជាមួយអាណាព្យាបាលនិងសិស្សដែលពាក់ព័ន្ធ ដើម្បីសម្របសម្រួលស្រុះស្រួលគ្នាឡើងវិញ»។
លោក រស់ សុវាចា បានបន្តថា កិច្ចសម្របសម្រួលនោះទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរដូចខាងក្រោម៖
ទី១៖ មេតាបិតាអាណាព្យាបាលបានទទួលស្គាល់នូវកំហុសរបស់កូនរបស់ខ្លួន និងបញ្ឈប់ការខឹងសម្បាហើយក៏គ្មានបំណងប្ដឹងប្ដល់ទៅលើលោកនាយកនោះទេ។ មាតាបិតាអាណាព្យាបាលសិស្សបានសំណូមពរទៅលោកនាយក និងអ្នកសារព័ត៌មានមេត្តាបញ្ឈប់ចំពោះការចេញផ្សាយព័ត៌មានដែលមានចេតនាចោទ ប្រកាន់ថាសិស្សទាំងនោះខិលខូច ច្រលឺសបឺស ដែលនាំឱ្យសិស្សឬកូនចៅរបស់ពួកគាត់អាចបាក់ទឹកចិត្ត ប៉ះពាលដល់កិត្តិយសរបស់សិស្សជាដើម។
ទី២៖ មាតាបិតាអាណាព្យាបាលសិស្សស្នើកុំឱ្យមានការគុំគួនធ្វើបាបដោយចេតនា ឬអចេតនា និងដាក់បន្ទុកដល់សិស្ស។
ទី៣៖ លោកនាយកបានទទួលយកសំណូមពរ ដើម្បីកែលម្អ និងសុំការអធ្យាស្រ័យចំពោះទង្វើឆ្គាំឆ្គងរបស់ខ្លួនទៅលើសិស្ស៕
ដោយ៖ សូរិយា