ភ្នំពេញ ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់បំរើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនបុរសម្នាក់ជាមេការ និង នារីរងគ្រោះចំនួន ០៤នាក់ ក្នុងនោះមានអនីតិជនចំនួន០២នាក់ និងវត្ថុតាងស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់ប្រើប្រាស់មួយចំនួន។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង និងលោក វរសេនីយ៍ទោ ហាក់ លី នាយរងការិយាល័យ បានធ្វើការឃាត់បុរសម្នាក់ជាអ្នកគ្រប់គ្រងនិងនារីរងគ្រោះ ក្មេងៗចំនួន០៤នាក់ នៅវេលាម៉ោង០៩ យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ចំណុចហាងម៉ាស្សាយីហោ«សម្រស់ម្លិះ» ស្ថិតនៅផ្ទះលេខ៣៥ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«សម្រស់ម្លិះ» មានថៅកែប្រុសម្នាក់គឺជាអ្នកមើលការខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន ០៤នាក់ (សង្ស័យអនីតិជន ០២នាក់) និងមានបន្ទប់សម្រាប់រួមភេទចំនួន ០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។ ប្រភពដដែលបានឲ្យដឹងថា ហាងម៉ាស្សានេះ បើក ដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៨ព្រឹក រហូតដល់ យប់អធ្រាត្រទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ០២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៧យប់ រហូតដល់ម៉ោង ១០យប់ ។
ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនបុរសមេការ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាម នីតិវិធី។
ចំណែកនារីរងគ្រោះទាំង០៤នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញធ្វើការអប់រំ៕
ដោយ ៖ រ៉ារ៉ា