ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបានកើតឡើងរវាងរថយន្តបើកបុកជាមួយនឹងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលទាំងព្រឹកដល់អ្នកភូមិនិងសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥នាទិព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ លើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២១និង១២២ ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះឌឹម សីហា អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង បើកម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P-៧៥៤៨ ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ព្រោះក្រោយពីឃើញសភាពការណ៍មិនស្រួលបានបើករថយន្តគេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P- ៧៥៤៨ ធ្វើដំណើរពីជើងទៅត្បូង លើផ្លូវជាតិលេខ១ មិនពាក់មួកសុវត្ថិភាព ដោយបើកមិនគោរពសិទ្ធិអាទិភាពក៏បុកជាមួយរថយន្ដមិនស្គាល់ម៉ាកក្នុងទិសដៅពីកើតទៅលិចយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយមកមធ្យោបាយធ្វើដំណើរត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋានក្រុងស្វាយរៀង។ ចំណែកអ្នករបួសត្រូវបានដឹកយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕
ដោយ៖ សុថាន