ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានផ្ដើមពីការឆ្លងចរន្តអគ្គិសនីឆាបឆេះភោជនីយដ្ឋាន អេ ផ្លាស១ KTV A+ មួយកន្លែងស្ថិតនៅជាន់ខាងលើទី៤ ជាបន្ទប់ (KTV) បណ្តាលឱ្យរងការខូចខាតអស់ជាច្រើនបន្ទប់ សរុបជិត១០បន្ទប់ និងសម្ភារមួយអស់ចំនួន បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងកាលពីវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ម្ចាស់ទីតាំងខាងលើនេះមានឈ្មោះ ឈឹម សួនម៉ារ៉ាឌី ភេទស្រី អាយុ៣៥ឆ្នាំ។
យោងតាមសម្ដីម្ចាស់បន្ទប់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ដំបូងឡើយមានការឆ្លងចរន្តអគ្គិសនីទើបបង្កជាអគ្គិភ័យឆាបឆេះក្នុងបន្ទប់នៅជាន់ខាងលើ ហើយភ្លាមៗនោះ ក៏បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរត់មកប្រាប់គេឯង ឱ្យមកជួយទាញបំពង់ពន្លត់អគ្គិភ័យយកទៅបាញ់ពន្លត់តែមិនរលត់ ទើបប្រញាប់រាយការណ៍ទៅខាងសមត្ថកិច្ចជំនាញ ឱ្យជួយចេញរថយន្តពន្លត់អគ្គិភ័យចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗដើម្បីបាញ់ទឹកពន្លត់ផងដែរ។ តែសំណាងល្អនោះ ក្នុងករណីគ្រោះថ្នាក់អគ្គិភ័យនេះ មិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ ដោយគ្រាន់តែរងការខូចខាតឆេះអស់មួយបន្ទប់ និងឆេះរាលជាបន្តចំនួន ១០បន្ទប់ទៀតដែលក្នុងនោះឆេះសម្ភារអស់មួយចំនួនមានតុ សាឡុង ផ្លាយសម្រាប់បញ្ចាំង KTV និងធុងបាស់ចំនួន២។
ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រោះ សហការជាមួយសមត្ថកិច្ចមូលដ្ឋានខណ្ឌច្បារអំពៅ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីធ្វើការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើរយៈពេល៣០នាទី ទើបបាញ់ទឹកពន្លត់ឱ្យរលត់ទៅវិញជាស្ថាពរ៕
ដោយ៖ ភារ៉ា ដង្កោ