ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញយុវជនម្នាក់ដេកស្លាប់ ទាំងដៃជាប់ខ្នោះ សមត្ថកិច្ចពិនិត្យសាកសព ឃើញមានស្លាកស្នាមផុងលលាដ៍ក្បាលផ្នែកខាងក្រោយ និងបាក់កង.ក

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ច កំពុងស៊ើបអង្កេត ក្រោយពីប្រទះឃើញយុវជនម្នាក់ដេកស្លាប់ ទាំងដៃជាប់ខ្នោះ នៅក្បែរចំណុចបង្គោលសេវា ០៩៧ ស្ថិតក្នុងភូមិរិទ្ធីសែនជ័យ២ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ 

សពយុវជនត្រូវបានគេស្គាល់ឈ្មោះ ថេន សុមិត្ត អាយុ១៩ឆ្នាំ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សាច់ញាតិរបស់ជនរងគ្រោះ បានប្រាប់សមត្ថកិច្ចថា  ជនរងគ្រោះ បានជិះម៉ូតូម៉ាកហុងដា វ៉េវ អាល់ហ្វា ពណ៌ត្រួយចេក ចេញពីផ្ទះតាំងពីថ្ងៃទី១៦ ខែកញ្ញា ពុំបានត្រឡប់ទៅផ្ទះវិញទេ ទើបនៅរសៀលថ្ងៃទី១៨ កញ្ញា ទទួលដំណឹងថា ស្លាប់។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ជិះ ក៏រកពុំឃើញដែរ។

ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញា សមត្ថកិច្ច បានពិនិត្យសាកសព និងសង្កេតឃើញមានស្លាកស្នាមផុងលលាដ៍ក្បាលផ្នែកខាងក្រោយ និងបាក់កង.ក ។ ករណីនេះ សង្ស័យជាអំពើឃាតកម្ម ព្រួតគ្នាវាយប្លន់សម្លាប់យកម៉ូតូ ៕

ដោយ៖ សូរិយា


ចែករំលែក៖