ឆ្លើយតបនឹងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន CBS ប្រធានាធិបតីអាមេរិកលោកបៃឌិន បានបញ្ជាក់ថា កូវីដ-១៩ បានបញ្ចប់ហើយ ប៉ុន្តែលោកក៏បានបញ្ជាក់ថា កូវីដ-១៩ នៅតែជាបញ្ហាចំពោះទឹកដីអាមេរិក។
ប្រធានាធិបតីបៃឌិនបានបញ្ជាក់នៅថ្ងៃទី១៨ខែកញ្ញាថា «កូវីដ-១៩ បានបញ្ជប់។ យើងនៅមានបញ្ហាជាមួយកូវីដ-១៩ ហើយយើងកំពុងតែធ្វើការដើម្បីទប់ទល់នឹងកូវីដ-១៩ បើទោះបីវាបានបញ្ចប់ក្តី»។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក CBS នៅខាងក្រៅកម្មវិធី Detroit Auto Show ដែលជាព្រឹត្តិការណ៍មួយទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ លោក បៃឌិន បានគូសបញ្ជាក់ថា «យើងនៅតែមានបញ្ហាត្រូវដោះស្រាយជាមួយកូវីដ។ យើងនៅតែធ្វើការជាច្រើនលើបញ្ហានេះ ប៉ុន្តែជំងឺឆ្លងរាតត្បាតបានដល់ទីបញ្ចប់ហើយ។ ប្រសិនបើយើងសង្កេតមើលឃើញថា គ្មាននរណាម្នាក់ពាក់ម៉ាស់ឡើយ។ គ្រប់គ្នាហាក់ដូចជាអាចបញ្ចេញនូវភាពស្រស់ស្រាយបាន ដូច្នេះខ្ញុំគិតថាវាកំពុងផ្លាស់ប្តូរហើយ»។
ថ្មីនេះលោក បៃឌិន បានស្នើសុំសភាផ្តល់មូលនិធិចំនួន ២២.៤ពាន់លានដុល្លារបន្ថែមទៀតដើម្បីត្រៀមក្នុងករណីមានការកើនឡើងនូវករណីឆ្លងឡើងវិញ។ លោក បៃឌិន និងភរិយា សុទ្ធតែធ្លាប់បានឆ្លងជំងឺនេះរួចហើយ។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ នៅអាមេរិកក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្ស ៧,០៦៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ៧នាក់បានស្លាប់ នៅក្នុងរយៈពេលដូចគ្នានៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះនាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩៧,៥០៩,៤៣៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៧៨,៦៦៣នាក់ និងជាសះស្បើយឡើងវិញសរុប ៩៣.៩៦លាននាក់។សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺមានជាង ៣៣២លាននាក់៕
ដោយ៖ ធីរីណា(រូបថត ៖ CBS NEWS)