ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងក្នុងខណ្ឌបឹងកេងកងផ្អើលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល

ចែករំលែក៖

ភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីមួយធ្វើឱ្យឆាបឆេះឃ្លាំងស្តុកទំនិញ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនិងកម្លាំងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចឃ្លាំងស្តុកទំនិញ តាមផ្លូវលេខ៣៧៤ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញផ្សែងហុយចេញពីចំណុចឃ្លាំងខាងលើបង្កជាអគ្គិភ័យភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ ហើយប្រញាប់រាយការណ៍ជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាននិងកម្លាំងជំនាញចេញរថយន្តពន្លត់អគ្គិភ័យដើម្បីជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ ។

ក្រោយមករថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងបានចេញមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ការពារការឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ។ នៅក្នុងករណីអគ្គិភ័យខាងលើនេះដែរសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ហើយកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងធ្វើការបាញ់ទឹកឱ្យរលត់ទៅវិញជាស្ថាពរ ដោយមិនបង្កឱ្យមានអ្នករបួសនោះទេ៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖