ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ ៖​ ប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ លើករណីមួយពាក់ព័ន្ធនឹងសកម្មភាពរបស់សិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅ

ចែករំលែក៖

ភ្នំពេញ​៖​ ថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​របស់លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ ប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ លើករណីមួយពាក់ព័ន្ធនឹងសកម្មភាពរបស់សិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅ ដែលក្មួយៗសិស្សានុសិស្សមួយចំនួនបាននាំគ្នាធ្វើសកម្មភាព (សរសេរ ឬគូសលើអាវគ្នាទៅវិញទៅមក) ដែលគណៈគ្រប់គ្រងសាលាយល់ថាបានធ្វើអោយខូចសណ្តាប់ធ្នាប់នៅក្នុងសាលា រហូតដល់មានប្រតិកម្មក្តៅមួយពីលោកនាយកសាលាទៅលើក្មួយស្រីៗជាសិស្សមួយចំនួនតូច។ ហេតុការណ៏នេះ ត្រូវបានគេថតយកមកធ្វើការចែកចាយតាមបណ្តាញសង្គម ដោយមានការជជែកផុសផុល ដោយមានអ្នកបញ្ចេញនូវទស្សនៈខុសៗគ្នាផងដែរ។ 

លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែង​បន្តថា​ ខ្ញុំមិនបញ្ចេញទស្សនៈទៅលើករណីនេះទេ ប៉ុន្តែសូមមានចំណាប់អារម្មណ៍ជារួមមួយ៖​ តាមដែលខ្ញុំបានស្តាប់ផ្ទាល់និងដឹងផ្ទាល់តាមរយៈការចុះតាមមូលដ្ឋានមួយចំនួននាពេលកន្លងមក បញ្ហាមួយដែលជាកង្វល់របស់មាតាបីតា (ក៏ដូចជាលោកគ្រូអ្នកគ្រូ)ជាច្រើន នៅក្នុងពេលបច្ចុប្បន្នចំពោះអនាគតកូនចៅរបស់ខ្លួន នៅក្នុងខណៈពេលដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៏ ដែលបង្កលក្ខណៈអោយជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមានការកើនឡើងនោះ គឺការជ្រើសរើសផ្លូវជីវិតរបស់កូនចៅតាមរយៈសកម្មភាពរបស់ពួកគេនាពេលបច្ចុប្បន្ន(ពិសេសវ័យសិក្សាថ្នាក់វិទ្យាល័យចុះក្រោម) ដែលជាកត្តាកំណត់មួយយ៉ាងសំខាន់សម្រាប់អនាគតរបស់ពួកគេ។

ហេតុដូច្នេះការអប់រំ គួរមិនត្រឹមតែផ្តោតទៅលើចំណេះដឹងទូទៅទេ ប៉ុន្តែត្រូវគិតទៅដល់វិន័យ សុជីវធម៌ សីលធម៌ និងគុណធម៌ផងដែរ៕

ដោយ​៖ស​ តារា​


ចែករំលែក៖