ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចមានស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ និង១នាក់ទៀតបានរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍ រវាងអ្នកធ្វើដំណើររួមគ្នាដោយម៉ូតូ១គ្រឿង និងអ្នកបើកបររថយន្តថយកិន ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសខាងលើ បានកើតឡើងនារសៀល ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម១ខ្សែ ស្ថិតនៅភូមិទួលគ្រួស សង្កាត់ចំរើនផល ក្រុង.ខេត្តពោធិ៍សាត់ ។
នគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា មុនកើតហេតុគេឃើញអ្នកជិះម៉ូតូឌុបគ្នា១គ្រឿង ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់កន្លែងកើតហេតុ បានវ៉ាក់ជាមួយរថយន្តម៉ាក កាម៉ាស់ ពណ៌លឿង គ្មានស្លាកលេខ ប្រភេទសុីទែនដឹកទឹកស្រោចផ្លូវ របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ កំពុងបើកថយក្រោយបណ្ដាលឲ្យកិនទាំងមនុស្ស និងម៉ូតូ ស្លាប់ និងរងរបួសរួមទាំងខូចខាតមធ្យោបាយតែម្ដង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចដដែលបន្តថា បុរសរងរបួសបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1M 3612 ឈ្មោះ តេង សុផុន អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រែពពាយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំណែកស្រ្តីរួមដំណើរ(ស្លាប់)ឈ្មោះ អុិន សាអែម អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិ.ឃុំជាមួយគ្នា ។
ប្រភពបញ្ជាក់ទៀតថា អ្នកបើកបររថយន្តបង្កឈ្មោះ សិទ្ធ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង.ខេត្តពោធិ៍សាត់ ។ បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងរថយន្តបង្ក រក្សាទុកបណ្ដោះអាសន្ន នៅផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរង់ចាំបន្តនីតិវិធី ៕
ដោយៈ ប៉ឹម ពិន