ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ គណប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧. បំពេញ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម អាប ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ពីថ្ងៃទី២១-២៨ ខែកញ្ញា ឆ្នាំ២០២២។
គណៈប្រតិភូនឹងអញ្ជើញអមដំណើររួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ របស់រដ្ឋាភិបាលផ្សេងទៀត។
មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ (មសអសប) សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញចូលរួមសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សា ទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (មសអសប ក្រោមប្រធានបទ «ចំណុចរបត់ សំខាន់នៃការផ្លាស់ប្តូរមិនអាចត្រឡប់ក្រោយបាន ដំណោះស្រាយបរិវត្តកម្មចំពោះបញ្ហាប្រឈម ប្រទាក់ក្រឡាគ្នា” ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូវយ៉ក។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្ដីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សា ទូទៅរបស់ (មសអសប)។ បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រ ពហុភាគីនិយមផ្អែកលើការគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសុខភាពជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការ រក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបបន្តបន្ទាប់គ្នាទៅវត្ត ជាមួយ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី សេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិប តេយ្យទីម័រខាងកើត ហើយនិងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។
ខណៈពេលអញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ចូលរួមក្នុង( មសអសប) លើកទី៧៧ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការ បរទេសអាស៊ាន (IAMM) ដែលនឹងត្រូវបានរៀបចំឡើងនៅក្នុងឱកាសនៃ មសអសប លើកទី៧៧ ហើយនឹងមានជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសមួយចំនួន និងតំណាង ស្ថាប័នអភិវឌ្ឍន៍ផងដែរ។
ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា តបតាមការអញ្ជើញរបស់ លោក មីហ្គល ឌីយ៉ាស-កាណែល ប៊ីមូដេស សម្តេចតេជោនាយករដ្ឋមន្តី នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបាពីថ្ងៃទី២៣-២៥ ខែកញ្ញា ឆ្នាំ២០២២ ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយលោក ប្រធានាធិបតី មីហ្គេល ឌីយ៉ាស-កាណែល បឺមូដេស ពិភាក្សាអំពីមធ្យោបាយ ដើម្បីបន្តពង្រឹងចំណង មិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងគុយបា និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ។ បន្ទាប់ពី ជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៥ រួមមាន ១. កម្មវិធីនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ ២. អនុស្សរណៈយោគយល់គ្នា នៃប្រទេសទាំងពីរ គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការទូតនៃប្រទេសទាំងពីរ ៣. អនុស្សរណៈយោគយល់ គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍកីឡា ៤, គម្រោងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេស និង ៥. អនុស្សរណៈយោគយល់គ្នារវាងក្រសួងសុខាភិបាលកម្ពុជា-គុយបា។
សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងចូលជួបសម្តែងការគួរសមចំពោះ លោក អេស្តបាន ឡាហ្សូ ហឺណាន់ដេស ប្រធានរដ្ឋសភានៃអំណាចប្រជាជនគុយបា។ សម្ដេចតេជោ ក៏រំពឹងថានឹងចូលជួប សម្តែងការគួរសមចំពោះ លោក រ៉ាអ៊ូល ខាសស្ត្រ អតីតប្រធានាធិបតីគុយបា ផងដែរ។
នៅរដ្ឋធានីហាវាណា សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញទៅទស្សនាមជ្ឈមណ្ឌល ហ្វីដែល កាស្តូ (Fidel Castro) និងមជ្ឈមណ្ឌលវិស្វកម្មល្បឿន និងបច្ចេកវិទ្យាជីវៈ និងអញ្ជើញដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធនៅវិមានអនុស្សាវរីយ៍ ចូហ្សេ ម៉ាទី (José Marti) សម្ដេចតេជោ ក៏នឹងជួប សំណេះសំណាលជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានិងរស់នៅក្នុងប្រទេសគុយបាផងដែរ។
ពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចាកចេញពីទីក្រុងហាវាណា ឆ្ពោះទៅកាន់ទីក្រុងតូក្យូដើម្បី ចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ លោក អាបេ ស៊ីនហ្សូ (ABE Shinzo) អតីតនាយករដ្ឋមន្តី្រ ជប៉ុន ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២។
អតីតនាយករដ្ឋមន្ត្រី លោក អាបេ ស៊ីនហ្សូ គឺជាមិត្តដ៏ល្អយូរអង្វែងរបស់សម្តេចតេជោនាយករដ្ឋមន្តី និងកម្ពុជា។ នៅក្នុងអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក លោកបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងនោះរួមទាំង ការលើកកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យក្លាយទៅជាភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ លោកត្រូវបានគេទទួលស្គាល់ និងកោតសរសើរយ៉ាងទូលំទូលាយចំពោះភាពជាអ្នកដឹកនាំ ប្រកបដោយសមត្ថភាព ក្នុងការជំរុញវឌ្ឍនភាពរបស់ជប៉ុន និងការចូលរួមចំណែកយ៉ាងសកម្មដល់ សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោកទាំងមូល។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្រ្តី រំពឹងនឹងជួបជាមួយសមភាគី បរទេសរបស់សម្ដេច និងទទួលការជួបសម្ដែងការគួរសមពីសំណាក់ឥស្សរជនជប៉ុន ៕
ដោយ ៖ សុខ ខេមរា