ព័ត៌មានទាន់ហេតុការណ៍៖

ខឹងជនរងគ្រោះផឹកស្រាស្រវឹងស្រែកឡូឡាដេកមិនលក់ប្រើហិង្សាផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងត្របែក បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយខឹងជនរងគ្រោះផឹកស្រាស្រវឹងស្រែកឡូឡាថ្លង់ដេកមិនលក់។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ខែ កញ្ញាឆ្នាំ ២០២២ ស្ថិតនៅភូមិជីកដី  ឃុំអណ្ដូងត្របែក ស្រុករមាសហែក ។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ឆាន ចន្ធី  អាយុ ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។

ចំណែកជនរងគ្រោះមានឈ្មោះ នុន ផល្លា  អាយុ៦៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះបានផឹកស្រាស្រវឹង ហើយក៏បានស្រែកឡូឡាយ៉ាងខ្លាំងធ្វើឱ្យអ្នកភូមិនៅផ្ទះក្បែរគ្នាថ្លង់ដេកមិនលក់ បន្ទាប់មកស្រាប់តែជនសង្ស័យ បានទាញយកកៅអីជ័រ២ត្រួតគ្នាវាយទៅលើជនរងគ្រោះប៉ុន្តែបានគេចផុតក៏ត្រូវនឹងសសរផ្ទះបាក់កៅអីរួចក៏ស្ទុះទាញបានដំបងដើមឬស្សីមួយកំណាត់ដើរចូលទៅវាយបន្តទៀតបណ្ដាលឲ្យរងរបួសដាច់ហូរឈាមនៅត្រង់ប្រអប់ខ្នងដៃខាងឆ្វេង ១កន្លែងនិងកំភួនជើងខាងស្ដាំ១កន្លែងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសួរនាំនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងត្របែក ដោយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន ប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន។

បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពពីជនសង្ស័យរួចមកសមត្ថកិច្ចបានរាយការណ៍សុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន      


ចែករំលែក៖