ខេត្តបាត់ដំបង ៖ ថ្ងៃអង្គារ ១០ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានទទួលស្វាគមន៍ដំណើរអញ្ជើញចុះសួរសុខទុក្ខ របស់លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលបានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ ដល់នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចថ្មើរជើងលេខ៥២ ក្នុងឱកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ក្នុងសុន្ទរកថាស្វាគមន៍ របស់លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ បានបញ្ជាក់ថា ក្នុងនាមកងយោធពលខេមរភូមិន្ទ មានតួនាទី ការពារបូរណភាពទឹកដី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ កងពលតូចថ្មើរជើងលេខ៥២ បានអនុវត្តផែនការ តាមឋានានុក្រម ពិសេសផែនការ មេបញ្ជាការ យោធភូមិភាគទី៥ ធ្វើអោយអង្គភាពពង្រឹងបានការងារគ្រប់គ្រងកម្លាំងទ័ព ការកសាង និងពង្រឹងប្រៀបការពារជាតិ ការងារបច្ចេកទេស ធានាបានទាន់ពេលវេលា ដើម្បីត្រៀមលក្ខណៈទប់ទល់ទៅនឹងល្បិចកលគ្រប់រូបភាពរបស់បច្ចាមិត្តដែលមានបំណងចង់បំផ្លាញ សន្ដិភាព ដែលបានពីការប្ដូរដោយជីវិត សាច់ស្រស់ ឈាមស្រស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ម៉្យាងវិញទៀត លើភារកិច្ចថែរក្សាសន្តិសុខ កងពលតូចថ្មើរជើងលេខ៥២ បានយកចិត្តទុកដាក់ប្រើប្រាស់កម្លាំងសហការជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើសកម្មភាព ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យជាតិ និងពិធីបុណ្យនានាបានយ៉ាងល្អផងដែរ ។
លោក សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចថ្មើរជើងលេខ៥២ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង អនុវត្តនូវតួនាទីភារកិច្ច អស់ពីកម្លាំងកាយចិត្ត ក្នុងកិច្ចការពារបូរណភាពទឹកដី ក៏ដូចជារួមចំណែក ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរផងដែរ ធ្វើឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ក្នុងមុខរបរចិញ្ចឹមជីវិត ក៏ដូចជាធ្វើឲ្យពួកគាត់កាន់តែមានជំនឿជឿជាក់មកលើការដឹកនាំ របស់រាជរដ្ឋាភិបាលយើងមួយកម្រិតថែមទៀត។ ជាចុងក្រោយ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ ជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន កងពលតូចថ្មើរជើងលេខ៥២ទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ចៀសផុតពីជំងឺកូវីដ-១៩ និងសូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះដែរ លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានពាំនាំយកនូវអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនដល់កងទ័ព រួមមាន ស្រាបៀរ ៣០កេស ,ទឹកសុទ្ធ ៥០កេស, នំអន្សម ៤០០នំ ,សាច់ជ្រូក ៦០គីឡូក្រាម, ម៉ាស់ ២០ប្រអប់ ,អាល់កុល ៦០លីត្រ, បន្លែស្រស់ ៥០គីឡូក្រាម និងថវិកា ចំនួន ៦.០០០.០០០រៀល៕
ដោយ ៖ សហការី