. ភ្នំពេញ ៖ លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុបបានចេញសែកស្អុយមានទឹកប្រាក់១០មុឺនដុល្លារ ត្រូវជនរងគ្រោះប្តឹងបទព្រហ្មទណ្ឌ។ នេះបើយោងតាមលិខិតកោះហៅលើកទី១របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ផាន់ តារាវុធ ឋានៈមេបញ្ញាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាមន្ត្រីនគរបាលយុត្តិធម៌ បានចេញលិខិតកោះហៅលើកទី១ឱ្យលោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ដែលចេញសែកស្អុយមានទឹកប្រាក់១០មុឺនដុល្លារចូលខ្លួនមកបំភ្លឺ ដោយយោងៈ តាមមាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
-បានឃើញពាក្យបណ្តឹងចុះថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២២ ស្ដីពីករណីឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ក៏បានកោះហៅឈ្មោះ អេង សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ សាសនាព្រះពុទ្ធ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១៥២អឺ ផ្លូវលេខ៥៩៨ ភូមិទំនប់ទឹក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរៈ នាយកក្រុមហ៊ុន ប៊ី វា៉យ ជី វើលវ៉ាដ៍គ្រុប ឱ្យចូលមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចូលមកបំភ្លឺជុំវិញបញ្ហាផ្ទាល់ខ្លួនតាមពាក្យបណ្ដឹងព្រហ្មទណ្ឌរបស់ដើមបណ្តឹង ។ សាមីខ្លួនត្រូវចូលមកឱ្យទាន់ពេលវេលានិងយកមកជាមួយនូវលិខិតស្នាមផ្សេងៗដែលទាក់ទិន ក្នុងករណីខាងលើប្រសិនបើមាន ។
សូមបញ្ជាក់ថា ករណីឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (សែកស្អុយ) ច្រើនកើតមានជាញឹកញាប់ ដែលសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងឬតាមដីការបស់តុលាការ។
ក្នុងករណីនេះ លោក អេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ចេញសែកស្អុយមានទឹកប្រាក់១០មុឺនដុល្លារត្រូវជនរងគ្រោះប្តឹងបទព្រហ្មទណ្ឌ តាមទូរស័ព្ទជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន “នគរវត្ត” នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ដោយបានបញ្ជាក់ថា ខ្ញុំពិតជាបានជំពាក់ប្រាក់គាត់មែន ហើយគាត់ក៏បានប្ដឹងទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែខ្ញុំបាននិយាយជាមួយគាត់រួចហើយ គឺសន្យាសងគាត់ឱ្យគ្រប់ចំនួនវិញនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌហើយ។ ដោយឡែកដើមបណ្ដឹងបានបញ្ជាក់ថា ការសន្យានេះកើតមានជាញឹកញាប់ ប៉ុន្តែគាត់មិនបានគោរពតាមកំណត់ឡើយ ៕
ដោយ ៖ សិលា