ព័ត៌មានទាន់ហេតុការណ៍៖

ពិភពលោកត្រូវតែមានសកម្មភាពរួមដើម្បីបញ្ចប់ជំងឺអត់ឃ្លាននៅលើពិភពលោក

ចែករំលែក៖

នៅថ្ងៃទី២០ខែកញ្ញា អង្គការក្រៅរដ្ឋាភិបាលចំនួន២០០បានព្រមានថា នៅទូទាំងពិភពលោកក្នុងមួយថ្ងៃៗមានអ្នកស្លាប់ដោយសារអត់ឃ្លានរហូតដល់ទៅ ១៩.៧០០នាក់ ។ ទាំងនោះហើយបានជាបណ្តាអង្គការក្រៅរដ្ឋាភិបាលអំពាវនាវដល់សហគមន៍អន្តរជាតិត្រូវតែធ្វើសកម្មភាពដោយប្តេជ្ញាបញ្ចប់ភាពអត់ឃ្លាននៅលើពិភពលោក។
នៅក្នុងលិខិតផ្ញើទៅកាន់ប្រមុខដឹកនាំជុំវិញពិភពលោកនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក អង្គការក្រៅរដ្ឋាភិបាលរហូតដល់ទៅ ២៣៨អង្គការ ក្នុងនោះមានអង្គការ Oxfam, Save the Children និង Plan International បានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំងចំពោះពលរដ្ឋប្រឈមការអត់ឃ្លាននៅលើពិភពលោកបានកើនឡើងខ្ពស់។
តាមការលើកឡើងរបស់បណ្តាអង្គការសង្គមស៊ីវិល មានពលរដ្ឋនៅលើពិភពលោកដល់ទៅ៣៤៥លាននាក់ប្រឈមការអត់ឃ្លាន គឺកើនឡើងទ្វេដងបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ក្នុងលិខិតផ្ញើទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ បណ្តាអង្គការបានលើកឡើងថា បើទោះបីប្រមុខដឹកនាំជុំវិញពិភពលោកបានសន្យាទប់ស្កាត់គ្រោះអត់ឃ្លាននៅក្នុងសតវត្សរ៍ទី២១ក្តី ប៉ុន្តែគ្រោះអត់ឃ្លាននៅតែកើនឡើងខ្ពស់ដដែល ។
អង្គការក្រៅរដ្ឋាភិបាលបានព្រមានកាលពីថ្ងៃទី២០ ខែកញ្ញាថារៀងរាល់៤វិនាទី មានមនុស្សម្នាក់បានស្លាប់ដោយសារការអត់ឃ្លាន ដោយជំរុញឱ្យមានចំណាត់ការអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចប់វិបត្តិអត់ឃ្លានសកលដែលកំពុងកើនឡើង៕

ដោយ៖ ធីរីណា(រូប​ថត​ ៖TTXVN-VNA)


ចែករំលែក៖