អ្នកចាមទី Hugo Lloris នឹងខកខានការប្រកួត UEFA Nations League នាពេលខាងមុខជាមួយអូទ្រីស និងដាណឺម៉ាក ដោយសាររបួសភ្លៅខាងស្តាំ។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធបាល់ទាត់បារាំង (FFF) ដោយទុកឱ្យកីឡាករដែលជួយឲ្យបារាំងឈ្នះជើងឯកពិភពលោករូបនេះមានពេលក្នុងការព្យាបាលរបួសរយៈពេលយូរ។
ខ្សែការពារ Theo Hernandez របស់ AC Milan ក៏ត្រូវបានអវត្តមានផងដែរ ដោយសារបញ្ហារបួសជើងខាងស្តាំ ដោយមានអ្នកចាំទី Alban Lafont របស់ Nantes និងខ្សែការពារ Lucas Digne របស់ Aston Villa ជាអ្នកមកជំនួសអ្នកទាំង២។
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងលោក Didier Deschamps បានឲ្យដឹងថា ការប្រកួតនេះគ្មាន Karim Benzema របស់ Real Madrid ទេ ដោយខ្សែប្រយុទ្ធរូបនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានរបួសភ្លៅពីរកំឡុងពេលក្រុមរបស់គាត់ប្រកួត Champions League នៅទឹកដី Celtic ក្នុងខែនេះ។
ខ្សែបម្រើ Jordan Veretout របស់ក្រុម Olympique de Marseille ក៏ត្រូវបានកោះហៅជំនួសកីឡាករ Boubacar Kamara ដែលរងរបួស ដែលជាកីឡាករជំនួសខ្សែបម្រើ Adrien Rabiot ។
ក្រុមការពារតំណែងជើងឯកស្ថិតនៅបាតតារាង League A ពូល១ដោយមាន២ពិន្ទុពីការប្រកួតចំនួន៤ ហើយប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ទៅចំណាត់ថ្នាក់ទី២នៃការប្រកួត។
ក្រុមបារាំងនឹងត្រូវប៉ះអូទ្រីសនៅថ្ងៃព្រហស្បតិ៍ ហើយធ្វើដំណើរទៅទីក្រុង Copenhagen ដើម្បីប្រកួតជាមួយដាណឺម៉ាកនៅថ្ងៃអាទិត្យ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)