ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០២២នេះថា រយៈពេលបីថ្ងៃគិតត្រឹមព្រឹកថ្ងៃទី២១ខែកញ្ញានេះកម្លាំងអាជ្ញាធរបានធ្វើការដកហូតនិងដឹកជញ្ជូនម៉ូតូចេញពីទីតាំងហាងបញ្ចាំដែលខុសប្រក្រតីបានម៉ូតូចំនួនជាង៥០០ គ្រឿងដើម្បីយកទៅរក្សាទុកនៅឃ្លាំងតំបន់OCIC រង់ចាំបងប្អូនប្រជាពលរដ្ឋដែលមានការបាត់ម៉ូតូកន្លងមកយកឯកសារមកផ្ទៀងផ្ទាត់នោះអាជ្ញាធរនឹងប្រគល់ម៉ូតូជូនសាមីខ្លួនវិញ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២១ខែកញ្ញានេះបងប្អូនពលរដ្ឋជាច្រើននាក់បានទៅដល់ឃ្លាំងស្តុកម៉ូតូដែលដកហូតចេញពីទីតាំងហាងបញ្ចាំដែលរកស៊ីប្រព្រឹត្តខុសពីអាជ្ញាប័ណ្ណស្របច្បាប់។
រយៈពេល៣ថ្ងៃមកនេះ ប្រតិបត្តិការចុះត្រួតពិនិត្យហាងបញ្ចាំដឹកនាំដោយលោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ និងមានការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងចម្រុះជាច្រើនបានចុះទៅធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងបញ្ចាំស្ថិតនៅក្នុងភូមិ៣ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ដែលមានចំនួនប្រមាណ៦០ទីតាំង ប៉ុន្តែ៣ថ្ងៃមកនេះកម្លាំងអាជ្ញាធរបានចុះត្រួតពិនិត្យបានចំនួន២០ទីតាំង ហើយរកឃើញទីតាំងដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចំនួន៤ទីតាំង ។
គួរបញ្ជាក់ផងដែរថា កាលពីល្ងាចថ្ងៃទី ១៩ខែកញ្ញាឆ្នាំ២០២២ លោក ឃ្លាំង ហួតអភិបាលរងរាជធានីភ្នំពេញបានដឹកនាំកម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកចុះត្រួតពិនិត្យគ្រប់ឃ្លាំងបញ្ចាំនៅតំបន់ឃ្លាំងរំសេវហើយរកឃើញម៉ូតូរាប់រយគ្រឿងមិនមានឯកសារត្រឹមត្រូវ៕
ដោយ ៖ រ៉ារ៉ា