ខេត្តសៀមរាប៖ ស្ថានភាពធាតុអាកាសនៅតែបន្តមានភ្លៀងជាប់ៗគ្នានៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនិងនៅថ្ងៃខាងមុខទៀតនោះគឺជាសេចក្តីព្រួយបារម្ភដែលមក ដល់ពេលនេះលំនៅឋានប្រជាពលរដ្ឋជាង ៥០០ខ្នងផ្ទះ ស្មើនឹង១៧៦៩គ្រួសារក្នុងនោះដែរស្រូវវស្សានិងដំឡូងមីទំហំជាង៤ពាន់ហិកតា ក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប កំពុងរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ។
លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំបានឱ្យដឹងថា ជំនន់ទឹកភ្លៀង បានចាប់ ផ្ដើមតាំងពីថ្ងៃទី១៦ មកដល់ថ្ងៃទី២១ ខែកញ្ញានេះ ហើយនឹងអាចបន្ដជន់លិចបន្ថែមទៀត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាជាច្រើនថ្ងៃ និងមានទឹកហូរធ្លាក់មកពីខេត្ដឧត្ដរមានជ័យ។ លោកមើលឃើញថាប្រសិនបើភ្លៀងនៅបន្តធ្លាក់នោះនឹងមាន ផលប៉ះពាល់បន្ថែមទៀតដល់ដំណាំកសិកម្មរបស់បងប្អូនប្រជាពលរដ្ឋ។
លោកអភិបាលរងស្រុកស្រីស្នំបានបន្ដថា គ្រោះធម្មជាតិនេះ បណ្ដាលឱ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ក្នុងឃុំ៥,លិចសាលារៀនចំនួន១២កន្លែង, ផ្លូវថ្នល់ ៨២៩០ម៉ែត្រ ក្នុងនោះទឹកហូរច្រោះ ៩៨ម៉ែត្រ ប៉ុន្ដែមិនប៉ះពាល់ ដល់អាយុវជីវិតមនុស្សឡើយ។ ហេដ្ឋារចនា សម្ព័ន្ធក៏ដូចជាលំនៅឋានសាលារៀនបន្តលិចលង់ថែម ទៀតប្រសិនបើភ្លៀងបន្តធ្លាក់។
លោកឡុត ញាន បានបន្ដថា ស្ថានភាពទឹកជំនន់នេះ អាចនឹងកើនឡើងខ្លំាង ដែលអាចនឹងមានការលិចលង់ ខ្លាំង ក្នុងឃុំចំនួន៣ គឺឃុំក្លាំហាយ,ឃុំប្រីយ៍ និងឃុំត្រាំសសរ ខណៈដែលឃុំទាំងនេះ នៅក្បែរស្ទឹងស្រែង ដែលជាប្រភពទឹកហូរមកពីខេត្ដរមានជ័យ។ មកដល់នពេលនេះប្រភពទឹកហូរធ្លាក់ពីអាងទំនប់ទឹកអាតោខេត្ដឧត្ដរមានជ័យ ចូលស្ទឹងស្រែង ក្នុងស្រុកស្រីស្នំ ខេត្ដសៀមរាប។
លោក បានបញ្ជាក់ថា អាជ្ញាធរ បានសហការជាមួយប្រជាពលរដ្ឋ បូមរំដោះទឹកចេញបានមួយចំនួន ហើយអាជ្ញាធរ ក៏បានណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នផងដែរ។ លោកថាអាជ្ញាធរខេត្តនិងស្ថាប័នជំនាញក៏បាននិងកំពុងចុះជួយប្រជាពលរដ្ឋនៅស្រុកស្រីស្នំនេះដែរ៕
ដោយ៖ សូរិយា