ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានរៀបចំពិធីជួបសំណេះសំណាល ចែករំលែកបទពិសោធន៍ និងលើកកម្ពស់ការយល់ដឹង ស្តីពី «ប្រសិទ្ធភាពនៃការបង្ការ ការចម្លងមេរោគអេដស៍» ដើម្បីស្វែងយល់ឱ្យបានស៊ីជម្រៅ និងច្បាស់លាស់អំពីជីវភាពរស់នៅប្រចាំថ្ងៃ និងបង្ការការចម្លងមេរោគអេដស៍របស់ក្រុមប្រឈមទាំង៣ រួមមាន ក្រុមបុរសរួមភេទជាមួយបុរស, ក្រុមបំប្លែងភេទ និងក្រុមស្ត្រីបម្រើការនៅគ្រឹះស្ថានកម្សាន្តសប្បាយ។
ពិធីនេះមានការអញ្ជើញជាអធិបតីពីសំណាក់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកានៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងតំណាងក្រុមបុរសរួមភេទ ជាមួយបុរស, ក្រុមបំប្លែងភេទ និងក្រុមស្ត្រីបម្រើការនៅគ្រឹះស្ថានកម្សាន្តសប្បាយ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៤៧នាក់។
នៅក្នុងឱកាសថ្លែងបើកកិច្ចសំណេះសំណាលនេះ លោកស្រី ម៉ែន នារីសោភ័គ បានមានប្រសាសន៍ឱ្យដឹងថា «កាកបាទក្រហមកម្ពុជា ដែល ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ តែងបានសកម្មចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ នៅក្នុងចំណោមប្រជាជនក្នុងសហគមន៍ រហូតទទួលបានការទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីអង្គការសហប្រជាជាតិ។ កន្លងមក យើង ធ្វើសកម្មភាពនៅបណ្តាខេត្ត បណ្តាសហគមន៍ មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ ជាពិសេស បេសកកម្មរបស់កាកបាទក្រហមកម្ពុជា គឺស្វែងរកជាប្រជាជនដែលមានជីវភាពលំបាកបំផុត ព្រមទាំង ប្រកាន់គោលការណ៍មិនរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ផ្សព្វផ្សាយការយល់ដឹងអំពីជំងឺអេដស៍ ក៏ ដូចជាទប់ស្កាត់ការចម្លងអេដស៍ និងជំងឺកាមរោគនានា ពីម្តាយទៅកូនជាដើម។ ដោយឡែក ចំពោះ គោលបំណងនៃការរៀបចំអង្គពិធីនេះគឺជាការបង្កើតជាឱកាសបានជួបសំណេះសំណាលមួយដើម្បី ចែករំលែកការយល់ដឹងរវាងគ្នា ផ្លាស់ប្តូរនូវអ្វីដែលមាននៅក្នុងចិត្តរៀងៗខ្លួន សំដៅចូលរួមទប់ស្កាត់ការឆ្លង បង្ការការឆ្លង វិធីការពារខ្លួនចាកផុតពីជំងឺអេដស៍ លប់បំបាត់ការរើសអើង ក៏ដូចជាប្រសិទ្ធភាពនៃការប្រើឱសថប្រឆាំងមេរោគអេដស៍ផងដែរ។ ជាមួយគ្នានេះ កិច្ចសំណេះសំណាលនេះពិតជាមានសារសំខាន់ណាស់ ក្នុងការចូលរួមសម្រេចឱ្យបាន នូវតាមផែនការយុទ្ធសាស្ត្រលុបបំបាត់បញ្ហាអេដស៍ ដែលជា ការគំរាមកំហែងដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥។»
បន្ទាប់ពីបានពិភាក្សាក្នុងបរិយាកាសដ៏ផុលផុស រយៈពេល២០នាទី និងចងក្រងទស្សនៈរបស់ក្រុមទាំង៣ ក្រោមការសម្របសម្រួលដោយផ្ទាល់ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរួចមក តំណាងក្រុមនីមួយៗ បានធ្វើបទបង្ហាញ ដែលបានឆ្លុះបញ្ចាំងអំពីការយល់ដឹងពីមេរោគអេដស៍-ជំងឺអេដស៍ ហើយថែមទាំងបានប្ដេជ្ញាចិត្ត ក្នុងការប្រយុទ្ធទប់ស្កាត់មេរោគអេដស៍ជំងឺអេដស៍ តាមរយៈការអនុវត្តបន្តនូវការយល់ដឹងនេះ ក៏ដូចជាការបញ្ជ្រាបការយល់ដឹងនេះ ទៅក្នុងសហគមន៍ដោយសារពួកគាត់ជាអ្នករស់នៅ និងជាអ្នកប្រាស្រ័យទាក់ទងផ្ទាល់នៅក្នុងសហគមន៍ផងដែរ។
ថ្លែងក្នុងឱកាសបិទនៃកម្មវិធី លោកស្រី ម៉ែន នារីសោភ័គ ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមនីមួយៗ ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះភាពក្លាហាន ការធ្វើការងារជាក្រុម ការផ្លាស់ប្តូរគំនិត-ទស្សនៈរវាងគ្នា បានយ៉ាងល្អក្បោះក្បាយ ដែលនេះបានបញ្ជាក់ពីក្តីសង្ឃឹមយ៉ាងមុតមាំថា យើងទាំងអស់គ្នានឹងចូលរួមជាមួយគ្នាដើម្បីបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា នៅឆ្នាំ២០២៥៕
ដោយ ៖ សហការី