ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅកាន់តុលាការ ពីបទ បង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបង្ខាំងមនុស្ស ដោយខុសច្បាប់ប្រើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរបន្តនីតិវិធី។

សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក  ថេត  អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធ​ប​ង្ខាំ​ង​​មនុស្ស ដោយខុសច្បាប់ប្រើ​ទា​រុ​ណ​កម្ម​​ជំ​រិ​ត​​ទារ​ប្រាក់ និងប្រើប្រាស់ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចសណ្ឋាគារឡាក់គីស្តារ បន្ទប់លេខ៤៤១ ផ្លូវលេខ៣៦៦ ក្រុម១០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ 

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ NGUYEN THI THIEN HOA ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅបច្ចុប្បន្នប្រទេសវៀតណាម។

ចំណែក ជនសង្ស័យឃាត់ខ្លួនចំនួន០៣នាក់៖

១- ឈ្មោះ NGUYEN VANTHIE ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។

២- ឈ្មោះ LOU VAN CONG ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។

៣- ឈ្មោះ NGUYEN CAM GIANG ភេទស្រី អាយុ៣៤ឆ្នាំ  ជនជាតិរៀតណាម ទីលំនៅប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅបន្ទប់កើតហេតុ ។

ក្នុងប្រតិបត្តិការណ៍នេះ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាង ដូចជា ទូរស័ព្ទចំនួន៣គ្រឿង,  ម្សៅក្រាមពណ៌សថ្លា ០១កញ្ចប់តូច, ខ្សែក្រវ៉ាត់ស្បែក ពណ៌ខ្មៅ ក្បាលដែក ចំនួន០១ (មធ្យោបាយធ្វើទារុណកម្ម)។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖