ភ្នំពេញ ៖ បុរសម្នាក់ដែលជាមន្ត្រីយោធាការពារព្រុំដែន បានជិះម៉ូតូទៅបុករបងផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅផ្លូវបេតុងបំបែកជា៣ ក្នុងភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
សពជនរងគ្រោះមានឈ្មោះ វុធ សក្ដា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរជាមន្ត្រីយោធាការពារព្រុំដែន ស្នាក់នៅភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
តាមសម្ដីបុរសម្នាក់ជាឪពុកជនរងគ្រោះបានប្រាប់ឲ្យដឹងថា កូនប្រុសរបស់គាត់បានសុំច្បាប់កន្លែងការងារមកលេងផ្ទះទើបតែបាន២ថ្ងៃប៉ុណ្ណោះ ហើយនៅយប់កើតហេតុ កូនគាត់ក៏បានជិះម៉ូតូទៅលេងផ្ទះមិត្តភក្តិ តែអកុសលបែជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់បែបនេះ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1HL-9787 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្ដាលឲ្យដួលអូសប្រហែល២០ម៉ែត្រ បោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗ រីឯម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ និងសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងធ្វើឯកសារប្រគល់សពឲ្យទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ