ខេត្តព្រះវិហារ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង នៃខេត្តព្រះវិហារ បានចុះនាំខ្លួនអ្នកបើកបររថយន្តម្នាក់ ដែលបង្កការគ្រោះថ្នាក់ដល់អាយុជីវិត លើអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២ និង ៤៥នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៩៥ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ស្ថិតនៅភូមិរវៀងត្បូង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ។
អធិការនគរបាលស្រុករវៀង លោកវរសេនីយ៍ឯក ស៊ឹម សាយ បានប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុ ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-3146 បើកបរដោយឈ្មោះ ណេង កឹង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិភ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ។
លោកថា អ្នកបើកបររថយន្តនោះ គ្មានរបួសស្នាមអ្វីនោះទេ ហើយត្រូវបានកម្លាំងនគរបាលជំនាញ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុករវៀង ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ។
ចំណែក បុរសដែលជាជនរងគ្រោះទាំងពីរឈ្មោះ មាស ដែន ជាកសិករ និងជាអ្នកបើកបរម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង ច្រាសទិសជាមួយរថយន្តបង្កហេតុ និង ម្នាក់ទៀត ឈ្មោះ បុល ជាអ្នករួមដំណើរ ជនរងគ្រោះទាំង២នាក់ មានមុខរបរជាកសិករ រស់នៅភូមិគោក ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ បានស្លាប់នៅកន្លែងកើតហេតុ ។
លោកអធិការនគរបាលស្រុករវៀងបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យរងការគ្រោះថ្នាក់បែបនេះ គឺមកពីអ្នកបើកបររថយន្ដមានការខ្ជីខ្ជារ និង ធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងបើកបរក្នុងល្បឿងលឿន អាចល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ផងដែរ ។
លោកអធិការបានបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុ សាកសពត្រូវបាននាំយកទៅតម្កល់ទុក នៅវត្តច័ន្ទនិមិត ហៅ វត្តរវៀង និងក្រោយមក សាកសពត្រូវបានធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែក សម្ភារៈវត្ថុតាង ត្រូវបាននាំយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុករវៀង រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ នៅពេលក្រោយ ៕
ដោយ ៖ វណ្ណៈ