ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីប្រព័ន្ធតេឡេក្រាមរបស់លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ លោកបានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ ដើម្បីត្រៀមចូលរួមសន្និសីទសារព័ត៌មានផ្សព្វផ្សាយអំពីសមិទ្ធផល ៥ ឆ្នាំ របស់ក្រសួងយុត្តិធម៌ កាលពីរសៀលថ្ងៃពុធទី២១ ខែកញ្ញាម្សិលមិញនេះ។
លោករដ្ឋលេខាធិការរូបនេះ បានឱ្យដឹងទៀតថា កម្មវិធីនេះ នឹងរៀបចំឡើងនាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលបំណងផ្សព្វផ្សាយអំពីសមិទ្ធផលនានាដែលក្រសួងយុត្តិធម៌សម្រេចបានរយៈពេល ៥ ឆ្នាំ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងដឹកនាំដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយកជំនាញពាក់ព័ន្ធមួយចំនួន សរុបចំនួន៦រូប ចូលរួមក្នុងសន្និសីទសារព័ត៌មាននេះ។
ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែលនោះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ាន ដើម្បីពិភាក្សា និងពិគ្រោះយោបល់ លើរបៀបវារៈសំខាន់ៗចំនួន ២ ដូចខាងក្រោម៖
១-ការសិក្សាលើលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ (SOM-MLAT) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។
២-ការត្រៀមល្កខណៈ និងការរៀបចំសមាសភាពគណៈប្រតិភូក្រសួងយុត្តិធម៌ ទៅចូលរួមកិច្ចប្រជុំ (១) ឧត្តមមន្ត្រីច្បាប់ស្ដីពីបត្យាប័នអាស៊ានលើកទី២ (២) ឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ានស្តីពីសុខដុមរមនីយកម្មនៃច្បាប់ពាណិជ្ជកម្មអាស៊ានលើកទី១១ និង(៣) ឧត្តមមន្ត្រីច្បាប់និងយុត្តិធម៌អាស៊ានលើកទី២១ (ASLOM) នៅទីក្រុងម៉ានីល ប្រទេសភីលីពីន ចាប់ពីថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ៖សហការី