ភ្នំពេញ៖ យោងតាមមតិដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ លោក ញាណ ច័ន្ទសោភា អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានបន្តដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យទីតាំងបញ្ចាំ និងបង្ក្រាបទីតាំងបើកលេងល្បែងស៉ីសងខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ។
យុទ្ធនាការចាស់តែសកម្មភាពថ្មីនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ០៩:០០ នាទី ដល់ម៉ោង ១១:៣០ នាទី ដោយចុះត្រួតពិនិត្យចំនួន០២ ទីតាំងផ្សេងគ្នា រកឃើញម៉ូតូចំនួន៩២ គ្រឿង ដែលទីតាំងទីមួយ ហាងបញ្ចាំយីហោ ដារ៉ារិទ្ធី ផនសប ម្ចាស់ហាងឈ្មោះ ចាន់ ប៊ុនថេន មានប័ណ្ណពន្ធប៉ាតង់ និងអាជ្ញាបណ្ណមានសុពលភាពត្រឹមត្រូវ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ពិនិត្យឃើញម៉ូតូចំនួន២៦ គ្រឿងមានឯកសារទទួលបញ្ចាំចេញពីម្ចាស់ត្រឹមត្រូវ មិនជាប់ការសង្ស័យជាម៉ូតូពាក់ព័ន្ធបទល្មើសនោះទេ ។
ទីតាំងទីពីរ ហាងបញ្ចាំយីហោ រ៉ាម៉ាណែត ព្រែកប្រា ម្ចាស់ហាងឈ្មោះ ញ៉ក់ ធារ៉ា មានប័ណ្ណពន្ធប៉ាតង់ និងអាជ្ញាបណ្ណមានសុពលភាពត្រឹមត្រូវ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពិនិត្យឃើញម៉ូតូចំនួន៦៦ គ្រឿងមានឯកសារពាក់ព័ន្ធត្រឹមត្រូវ ។
ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យហាងទទួលបញ្ចាំនេះកម្លាំងចម្រុះបានធ្វើកំណត់ហេតុនិងបំពេញឯកសារតាមនីតិវិធី និងប្រគល់ម៉ូតូដែលម្ចាស់យកទៅបញ្ចាំអោយទៅម្ចាស់ហាងទទួលបញ្ចាំវិញ ។
ជាមួយគ្នានេះដែរលោកអភិបាលរងខណ្ឌ បានធ្វើការណែនាំដល់ម្ចាស់ហាងទទួលបញ្ចាំត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអ្នកដែលយកមធ្យោបាយផ្សេងៗមកដាក់បញ្ចាំ ជាពិសេសត្រូវពិនិត្យទៅលើឯកសារពាក់ព័ន្ធជាមួយមធ្យោបាយទាំងនោះអោយបានហ្មត់ចត់ជាមុនសិន បើត្រឹមត្រូវហើយចាំទទួល បញ្ចាំ ។ ករណីសង្ស័យថាមិនប្រក្រតីត្រូវរាយការណ៍ប្រាប់សមត្ថកិច្ចជាបន្ទាន់ដើម្បីមានវិធានការ ៕
ដោយ ៖ សណ្តោស