ភ្នំពេញ ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២នេះ លោកស្រីកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ-បច្ច័យទៅវេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បន្ទាប់ពីបានធ្វេីបទនមស្ការព្រះរតនត្រ័យ និងវេរប្រគេនព្រះសង្ឃរួចមក ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះលេខាធិការគណៈខេត្តកណ្តាល នាយកពុទ្ធិកវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន ក្រពើហា និងជាព្រះចៅអធិការវត្តប្រជុំនទី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់ឱ្យសហការីនាំយកទេយ្យទានមកវេរប្រគេន និងបានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅ ជាពិសេសឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធលោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុសង្គមជាតិផងដែរ។
ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ ក៏បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន ព្រមទាំង បុត្រា បុត្រី ចៅៗ និងថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា ឱ្យជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា ទេយ្យទានដែលកាកបាទក្រហមកម្ពុជា ប្រគេនវត្តក្រពេីហារ រួមមាន ៖ អង្ករ ២តោន, មី ២០កេស, ត្រីខ ៣កេសធំ, ទឹកស៊ីអ៉ីវ ១២០ដប, ទឹកត្រី ១២០ដប, ទឹកក្រូច ៥កេស, ទឹកត្រឡាច ៥កេស, ទឹកគូលែន ៥កេស, ទឹកសណ្តែក ៥កេស, មៀនកំប៉ុង ២កេស, ទឹកបរិសុទ្ធអារុណា ១០កេស, ទឹកដោះគោខាប់ ២កេស, អូរវ៉ាន់ទីន ២កេស, តែ ៥គីឡូក្រាម, ស្ករស ២៥គីឡូក្រាម, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, ជែលលាងដៃ ៥កេស, ម៉ាស់ ១កេសធំ, អាល់កុល ២កាន និងបច្ច័យចំនួន ៤០លានរៀល។ វេរប្រគេន ព្រះឃោសមុនីវង្ស វ័ន្ត វណ្ណោ នូវ សាដក ១ និងបច្ច័យ ២លានរៀល។ វេរប្រគេនព្រះសង្ឃគង់អម ៤អង្គ ក្នុង ១អង្គ នូវ សាដក១ និងបច្ច័យ ២០ម៉ឺនរៀល៕
ដោយ ៖ សហការី