ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ : កម្ពុជាចាត់ទុកជប៉ុនជាទីផ្សារទេសចរណ៍សំខាន់មួយ

ចែករំលែក៖

ទីក្រុងតូក្យូ ៖ ដោយចាត់ទុកថាប្រទេសជប៉ុនជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់ខ្លួន ក្រសួងទេសចរណ៍បានចូលរួមតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ (Tourism Expo Japan 2022) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី២២-២៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើនឡើងវិញ។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការចូលរួមនេះដឹកនាំដោយ លោក ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដោយក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័នចំនួន១៤៤១ មកពី១៣៦ប្រទេសក្នុងតំបន់ និងពិភពលោក។

ដោយឡែក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ គឺជាថ្ងៃបើកជាផ្លូវការនៃពិព័រណ៍ទេសចរណ៍អន្ដរជាតិ គឺមានការចូលរួមពីភ្ញៀវទេសចរជប៉ុន និងទេសចរអន្តរជាតិនៃបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកសរុបចំនួន២៥,៩២៨នាក់។

លោក ប្រាក់ វិទ្ធី បានបន្តថា ទីផ្សារជប៉ុនជាទីផ្សារសំខាន់មួយសម្រាប់កម្ពុជា ដោយក្នុងរយៈពេល៧ខែក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនចំនួន៩,០២១នាក់ ស្មើ៩១៨.២% បើប្រៀបធៀបនឹងឆ្នាំ២០២១ ក្រោយវិបត្តិកូវីដ-១៩។

លោកបានបង្ហាញក្ដីរំពឹងទុកថា តាមរយៈព្រឹត្តិការណ៍ខាងលើ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរនិងវិនិយោគិនជប៉ុនឱ្យមកទស្សនាប្រទេសកម្ពុជា «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងផ្ដល់ភាពកក់ក្តៅ» កាន់តែច្រើនថែមទៀតនៅឆ្នាំ២០២២-២០២៣ ដែលជាដំណាក់កាលស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

សូមបញ្ជាក់ថា ស្របតាមចក្ខុវិស័យនៃផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ ឆ្នាំ២០២២-២០២៣ (Recovery) ដើម្បីជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងផ្នែកឯកជនកម្ពុជា-ជប៉ុនឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារជប៉ុន ក៏ដូចជាទីផ្សារអន្តរជាតិក្នុងការបើករួមគ្នាទទួលទេសចរអន្តរជាតិឡើងវិញ ជាពិសេសផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ (Asian Youth Games 2029) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

ដោយ : សិលា


ចែករំលែក៖