ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ ដឹកនាំក្រុមការងារអញ្ជើញចុះ ពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស ជាក់ស្តែងព្រឹកនេះ

ចែករំលែក៖

ខេត្តពាយព្យប្រទេស ៖ នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែភក្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២២ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តសៀមរាប ព្រមទាំងក្រុមការងារមន្រ្តីបច្ចេកទេស បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅបណ្តាខេត្តភាគខេត្តពាយព្យប្រទេស ជាក់ស្តែងព្រឹកនេះ ។

សូមបញ្ជាក់ថា, បានចុះពិនិត្យទីតាំងទី ១ នៅទំនប់ប្រឡាយកុមារ ដែលជាតំបន់ប្រសព្វគ្នារវាងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងសៀមរាប  និងបន្តចុះពិនិត្យនៅទីតាំងទី ២ ស្ថិតនៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ 

ដោយមានគោលបំណងសំខាន់ៗចំនួន ០២ រួមមាន   

១- ចុះពិនិត្យ និងវាយតម្លៃស្ថានភាពជំនន់នៅតំបន់ទំនាបជុំវិញបឹងទន្លេសាប ដែលជំនន់ទាំងពីរប្រភេទកើតឡើងដោយភ្លៀងធ្លាក់ខ្លាំង (Flash Flood) និងដោយបរិមាណភ្លៀងធ្លាក់ជាប់រដឹកជាច្រើនថ្ងៃ ( Over Flow ) ។ 

២- ត្រួតពិនិត្យ និងមានវិធានការជាយុទ្ធសាស្រ្ត ដែលអាចអនុវត្តក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីបញ្ជៀសនូវការលិចលង់នានា ដែលតែងតែកើតមានឡើងជាយថាហេតុ ។  ជាក់ស្តែងចាប់តាំងពីដើមរដូវវស្សាឆ្នាំនេះ ក្រសួងបានត្រៀមនូវគ្រប់មធ្យោបាយ មានទាំងសម្ភារ គ្រឿងចក្រ និងកម្លាំងមន្រ្តី ប្រចាំការនៅគ្រប់មុខព្រួញរាជធានី-ខេត្ត ដើម្បីត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ។  

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏បានដាក់ផែនការ និងណែនាំឲ្យជួសជុលជាបន្ទាន់ផងដែរ នូវប្រព័ន្ធធារាសាស្ត្រណាដែលខូតខាតដោយជំនន់បន្ទាប់ពីទឹកចាប់ផ្តើមស្រកភ្លាមៗ បើពុំនោះគឺមិនអាចធានាខ្ចប់ទុករក្សាទឹកគ្រប់គ្រាន់ ដើម្បីបម្រើដល់ការបង្កបង្កើនផល និងទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខនោះឡើយ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖