ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបក្រុមជនជាតិវៀតណាមចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់

ចែករំលែក៖

ភ្នំពេញ៖​ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពញ​ លោកសាន​ សុខសីហា​ បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៣​ ខែកញ្ញានេះថា​ ជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួន​ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ។ 

អ្នកនាំពាក្យដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបង្ក្រាប និងជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់បង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ នៅចំណុចសណ្ឋាគារហ្វែរីលែន ផ្លូវលេខ១៤១ ភូមិ៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះង្វៀង ដុងហាយ ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិ វៀតណាម។

ប្រភពដដែលបានបន្តថា​ ជនសង្ស័យឃាត់ខ្លួនចំនួន៤នាក់៖

១-ជនសង្ស័យឈ្មោះ TRAN TINHUY ភេទប្រុស ឆ្នាំកំណើត ១៩៨៩ ជនជាតិ វៀតណាម

២-ឈ្មោះ NGUYEN VAN VO ភេទប្រុស ឆ្នាំកំណើត ១៩៨០ជនជាតិវៀតណាម

៣-ឈ្មោះ LUONG VON THET ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិវៀតណាម

៤-ឈ្មោះ VO HONG QUAN ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ជនជាតិវៀតណាម (មេខ្លោង)។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖