ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ ជិះម៉ូតូឌុបសង្សារកាត់បង្ហៀរទឹកធ្លាក់ចូលទឹកស្លាប់ចំណែកប្រុសត្រូវបានសង្គ្រោះទាន់ពេល ចំណែកឯសពខាងនារីបានរកឃើញហើយ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ជិះម៉ូតូឌុបសង្សារកាត់បង្ហៀរទឹកធ្លាក់ចូលទឹកស្លាប់ចំណែកប្រុសត្រូវបានសង្គ្រោះទាន់ពេល កាលពីវេលាម៉ោង១៥៖២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចទំនប់ធារាសាស្រ្តអូរលើ ខាងជើងភូមិបេង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

  ពាក់ព័ន្ធករណីខាងលើលោកវរសេនីយ៍ទោ ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានសង្រ្គោះឈ្មោះ សុខ នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ចំណែកឯនារីរងគ្រោះមានឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្វាយ ឃុំស្រើង សមត្ថកិច្ចយើងនិងក្រុមគ្រួសារសាច់ញាតិនៃសពបានសហការគ្នារកសពឃើញនៅវេលាម៉ោង១១:៣០នាទី ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២នេះ  ដោយសារតែកន្លែងល្បាក់ទឹកហូរខ្លាំងហើយទឹកក៏ជ្រៅ មិនតែប៉ុណ្ណោះនៅក្នុងទឹកនោះពោរពេញទៅដោយគុម្ភឬស្សីសុទ្ធតែបន្លាទៀតផង។

  លោកអធិការបន្តថា បើតាមព័ត៌មានដែលលោកទទួលបានឲ្យដឹងផងដែរថា ជនរងគ្រោះទាំងពីរនាក់គឺជាគូរសង្សារនឹងគ្នា នៅមុនពេលកើតហេតុគេឃើញខាងប្រុសបានទៅសុំម្តាយខាងស្រីឌុបនាងទៅដើរលេង ខណៈនោះម្តាយខាងស្រីហាក់មិនចង់ឲ្យកូនដើរលេងជាមួយគ្នានោះទេ។ តែដើម្បីកុំឲ្យកូនៗអាក់អន់ស្រពន់ចិត្ត គាត់ក៏សុខចិត្តយល់ព្រមបំពេញបំណងឲ្យពួកកូនៗជិះម៉ូតូដើរលេងជាមួយគ្នាទៅ។

  លុះឌុបគ្នាមកដល់បង្ហៀរទឹកខាងលើ អ្នកស្រុកឃើញហេតុការណ៍នេះមានចម្ងល់ថា ហេតុអ្វីក៏ពួកគេទាំងពីរនាក់មិននាំគ្នាជិះម៉ូតូឌុបគ្នាតាមបង្ហៀរទឹកផ្នែកខាងលើទឹកវិញ បែរជាកម្លោះរងគ្រោះឌុបនារីជិះម៉ូតូពណ៌ខ្មៅមួយគ្រឿង ម៉ាកហុងដាC១២៥ ដែលមានស្លាកលេខ កំពង់ធំ១Q៤៧៤២ ជិះម៉ូតូឆ្លងកាត់ ធារាសាស្ត្រប៉ែកខាងក្រោម(ផ្នែកខាងទាប)ដែលទឹកកំពុងហូរខ្លាំងទៅវិញ។ហើយក៏កម្លាំងទឹកហូរបោកនាំយកទាំងម៉ូតូទាំងមនុស្សទៅជាមួយ ក៏ត្រូវបានប្រជាពលរដ្ឋជួយសង្គ្រោះបានបុរសម្នាក់ទាន់ពេលវេលា និងម៉ូតូ ចំណែកនារីជាសង្សារបាត់ខ្លួនរហូតដល់ថ្ងៃទី២៥ វេលាម៉ោង១១:៣០នាទីទើប រកសពឃើញ ហើយក៏បានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖កែវមន្នី


ចែករំលែក៖